ក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់
ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។
ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។
ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។

លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។
«ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។
លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។
«ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង និងជាពិសេសជួយបរិស្ថានទៀត» លោកបន្ត។
លោក សុវណ្ណ ជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមនិន្នាការនេះនៅពេលឆាប់ៗនេះ។ ប៉ុន្តែដើម្បីដើរឆ្ពោះទៅកាន់គោលដៅនេះឱ្យកាន់តែលឿន ក្រុមហ៊ុនដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះទាំងអស់ ត្រូវជួយគ្នាទៅវិញទៅមក និងធានាថាផលិតផល ក៏ដូចជាសេវាកម្មរបស់យើងមានស្តង់ដារ។


«ដោយសារតែទីផ្សារនៅថ្មី បេសកកម្មរបស់យើងនៅដំណាក់កាលនេះមិនមែនដើម្បីរកផលចំណេញទេ តែយើងចង់ផ្តួចផ្តើមទីផ្សារ។ យើងបានធ្វើការងារនេះ ជាច្រើនឆ្នាំហើយដោយព្យាយាមផ្ដល់ចំណេះដឹង និងសហការយ៉ាងស្អិតរមួតជាមួយដៃគូរួមមាន ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកម៉ៅការសំណង់ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ។ គោលដៅគឺធ្វើយ៉ាងណាឱ្យពួកគេយល់ និងឱ្យតម្លៃផលិតផលទាំងនេះសិន»។
លោក បានបន្ថែមទៀតថា ប្រសិនបើអ្នកដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យានេះត្រឹមត្រូវ គម្រោងសាងសង់ ឬគេហដ្ឋានរបស់អ្នកនឹងមានស្ដង់ដារខ្ពស់ជាងមុន ពោលគឺមានការគ្រប់គ្រងអគារប្រកបដោយប្រសិទ្ធភាព សន្សំសំចៃថាមពល និងជាពិសេសកាត់បន្ថយចំណាយតំហែទាំបានមួយចំណែកធំ។
លោក បន្តថា «បច្ចេកវិទ្យាវៃឆ្លាតទាំងអស់នេះ គឺជាបដិវត្តនៃសង្គមមនុស្សដ៏ធំមួយ ពីការគ្រប់គ្រងការងារដោយដៃ ទៅជាការគ្រប់ដោយស្វ័យប្រវត្តិ និយាយឱ្យងាយយល់គឺធ្វើឱ្យម៉ាស៊ីន ឬកុំព្យូទ័រធ្វើការឱ្យអ្នក»។
«ពីមុនតាមអគារនីមួយៗ គឺត្រូវមានបុគ្គលិកដើរបិទបើកប្រព័ន្ធម៉ាស៊ីនត្រជាក់ និងភ្លើង ក៏ដូចជាត្រួតពិនិត្យបញ្ហា។ ប៉ុន្តែ ឧទាហរណ៍ ថ្ងៃណាមួយ គាត់ភ្លេច ឬភ្លាត់លើការងារមួយ ម៉ាស៊ីនខូច ការងារនឹងយឺតយ៉ាវ។ តែបើយើងគ្រប់គ្រងដោយប្រើបច្ចេកវិទ្យាវៃឆ្លាត យើងអាចបញ្ជៀសបញ្ហាទាំងនេះបាន»។
«ការគ្រប់គ្រងស្វ័យប្រវត្តិកម្ម មិនត្រឹមតែជួយការបន្ថយការងាររបស់អ្នកគ្រប់គ្រងអគារនោះ នឹងជួយត្រួតពិនិត្យមើលរាល់បញ្ហាដែលមនុស្សមើលមិនឃើញទៀតផង។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្ម នឹងជួយធ្វើកំណត់ត្រា ក៏ដូចជាបង្កើនសុវត្ថិភាពដោយជូនដំណឹងដល់អ្នកគ្រប់គ្រងនៅពេលប្រព័ន្ធមានបញ្ហា ឬគ្រឿងបង្គំណាមួយខូចឬត្រូវដូរ។ ចុងក្រោយចំណាយច្រើនពេលដំបូងក៏ពិតមែន តែជួយដោះស្រាយបញ្ហាបានយូរអង្វែង»។
ជាចុងក្រោយ លោក សុវណ្ណ ក្រើនថាបេសកកម្មនេះនឹងក្លាយជាការពិតបាន លុះត្រាតែរាល់ដៃគូរដែលពាក់ព័ន្ធ ជាពិសេសអ្នកប្រើប្រាស់ទូទៅ បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ សម្លឹងមើលផលចំណេញវែងឆ្ងាយ និងសំខាន់បំផុតជឿទុកចិត្ត និងគាំទ្រក្រុមហ៊ុនក្នុងស្រុកកាន់តែច្រើន។
លោកបន្តថា៖ «មានតែខ្មែរទេ ដែលអាចជួយខ្មែរបាន។ យើងគួររួមគ្នាបង្ហាញពិភពលោកថាកម្ពុជាក៏អាចប្រើប្រាស់បច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធិភាព ដូចក្រុមហ៊ុនអន្តរជាតិនានាបានដែរ»។
អំពីក្រុមហ៊ុន S-Era Automation
S-Era Automation គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់ និងផ្ដល់សេវាកម្មឧបករណ៍សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត។ ក្រុមហ៊ុនមានសេវាកម្មធំៗ ៤ គឺ រៀបចំប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិក្នុងអគារ ដំណោះស្រាយបដិសណ្ឋារកិច្ច បរិក្ខារIoTសម្រាប់ឧស្សាហកម្ម និងគេហដ្ឋានឆ្លាតវៃ។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដល់គម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមានព្រលានយន្តហោះ សណ្ឋាគារ រោងចក្រ អគារលំនៅដ្ឋាន វីឡាប្រណីត ទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។
- Video Advertisement -