ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់?
ក្រោយពីច្បាប់ស្តីពីសំណង់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វិស័យសំណង់នៅកម្ពុជាក៏ត្រូវបានរឹតបណ្តឹងជាងមុន ក្នុងគោលបំណងដើម្បីរក្សានូវគុណភាណ និងសុវត្ថិភាព ជារួមរបស់គម្រោងនានា។ ក្នុងនោះ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។
ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់?
ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
សំណង់ និងការងារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចខាងក្រោម៖
- គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ មុនអាជ្ញាធរផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ
- ការងារសាងសង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត
- សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារ មុនអាជ្ញាធរអនុញ្ញាតឱ្យចូលប្រើប្រាស់
- សំណង់ និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់
- សំណង់ដែលមានហានិភ័យចំពោះមនុស្ស ទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់សន្តិសុខសាធារណៈ
- ឯកសារបច្ចេកទេស ការងារសាងសង់ ឬរុះរើសំណង់ដទៃទៀត
អ្នកដែលមានសិទ្ធិត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវតែជាអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលគម្រោងរបស់រដ្ឋ និងស្ថាប័នសាធារណៈដទៃទៀតផងដែរ។ ប៉ុន្តែ ក្នុងករណីចំាបាច់ ក្រុមការងារនេះ ក៏អាចត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ស្ថាប័នឯកជនបានដែរ។
គួរបញ្ជាក់ថា សំណង់ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់ចូលជាធរមាន អាចអនុវត្តការត្រួតពិនិត្យ និងបញ្ជាក់សំណង់បាន។ ប៉ុន្តែ អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវធ្វើប្លង់សម្រង់សំណង់ និងរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ជូនម្ចាស់សំណង់ ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។
រូបភាពដោយ NTV Cambodia – ទូរទស្សន៍នាគព័ន្ធ
- Video Advertisement -