អ្នកនាំពាក្យក្រសួង៖ ផែនការកសាងផ្លូវក្រវាត់ក្រុងទី៤ អាចនឹងត្រូវកែសម្រួលបន្ថែម
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០ កន្លងទៅ។
ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី ២៥ ខែកុម្ភៈនេះ ថា ក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។
ឯកឧត្តម វ៉ាស៊ីម សូរិយា ថ្លែងថា៖ «ក្រសួងនៅសិក្សាថែមទៀត។ ខាងក្រុមហ៊ុន បានដាក់ឯកសារមកម្តងហើយ។ គាត់នៅកែសម្រួលនៅឡើយទេ»។
គួរបញ្ជាក់ផងដែរថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនទើបតែបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។ (អានបន្ថែម)
បើតាមលទ្ធផលសិក្សាកាលពីខែតុលា ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។ (អានបន្ថែម)

