កម្មវិធីប្រកួត PropertyGuru Cambodia Property Awards បកមកអង្រួនវេទិកាកម្ពុជាជាលើកទី ៦ ហើយ

កាលពីថ្ងៃទី ១១ មីនា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពីកាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២១ ក្រោយទទួលបានការគាំទ្រយ៉ាងមុតមាំ ៥ ឆ្នាំជាប់ៗគ្នា។

កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២១ បានចាប់ផ្ដើមបើកទទួលពាក្យតាំងពីថ្ងៃទី ១​ មករា ឆ្នាំ ២០២១ មកម្ល៉េះ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី PropertyGuru Asia Property Awards នៅទីក្រុងបាងកក ប្រទេសថៃ។

ប្រធានគណៈកម្មការវិនិច្ឆ័យ លោក សន សៀប បានមានប្រសាសន៍ថា ដើម្បីជ្រើសរើសអ្នកឈ្នះ គណៈកម្មាធិការនឹងវាយតម្លៃទៅលើច្រើនចំណុច រួមមានទីតាំង តម្លៃ ការបញ្ចប់គម្រោង លក្ខខណ្ឌនៃការលក់ ការរចនា ស្ថាបត្យកម្ម ការគិតគូរពីបរិស្ថាន និងគុណភាពសំណង់ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធី PropertyGuru Cambodia Property Awards រៀបចំឡើងដោយ ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី PropertyGuru Group ដែលនេះគឺលើកទី ៦ ហើយសម្រាប់ប្រទេសកម្ពុជា។ ហើយជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Construction & Property តែងតែមានកិត្តិយសជាដៃគូសារព័ត៌មានផងដែរ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ២០២១៖

ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ – បើកទទួលចុះឈ្មោះ

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ – បិទការទទួលចុះឈ្មោះ

ថ្ងៃទី១៩ ខែកក្កដា – ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ – ការចុះពិនិត្យទីតាំងផ្ទាល់

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ – ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១ – កម្មវិធីរាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ – កម្មវិធីរាត្រីសមោសរផ្តាច់ព្រ័ត្រប្រចាំតំបន់នៅទីក្រុងបាងកក-ប្រទេសថៃ

អ្នកចាំអារម្មណ៍ចង់ចូលរួមប្រកួត អាចចូលទៅដាក់ពាក្យតាមគេហទំព័រនេះ

សម្រាប់ព័ត៌មានបន្ថែមសូមផ្ញើអ៊ីមែល Awards@propertyguru.com ឬចូលមើលគេហទំព័រផ្លូវការ

- Video Advertisement -