ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ នឹងបញ្ចប់នៅចុងខែមីនានេះ

គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ បច្ចុប្បន្នឈានដល់ការងារចាក់អ៊ុតកៅស៊ូស្រទាប់ទី ២ ហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរថ្ងៃទី ២៥ ខែមីនា ខាងមុខ។ នេះបើតាមយោងតាមរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

កំណាត់ផ្លូវជាតិលេខ៥ ដែលខូចខាតនេះ គឺចាប់ពីចំណុចផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ចំណុចមុខមណ្ឌលបែងចែកផលនេសាទ ត្រង់គីឡូម៉ែត្រលេខ៩ ដែលកំពុងត្រូវចាក់អ៊ុតកៅស៊ូ ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ។

ទីតាំងដែលកំពុងជួសជុលនេះ កន្លងមកតែង ទទួលរងការដក់ទឹកភ្លៀងជាប្រចាំ និងបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌក៏បានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់ហូរទៅទន្លេតាមប្រព័ន្ធលូ មុខកាត់ ១ម៉ែត្រ កន្លះ ប្រវែង ២៥០ម៉ែត្រ ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងថា បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ក៏ក្រុមការងារនៅតែខិតខំធ្វើការជួសជុលមិនបង្អង់ដៃ។

ដោយឡែក ចំពោះគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់ ក្រោមជំនួយជប៉ុនជាង ៥00 លានដុល្លារអាមេរិក សម្រេចបានប្រមាណ ៩០%, ២៣% និង ៣៦% ហើយ បើគិតត្រឹមខែកុម្ភៈ។ (អានបន្ថែម)

- Video Advertisement -