ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងសិក្សាខណៈវៀតណាមត្រៀមសង់កំណាត់ហូជីមិញ-បាវិតឆ្នាំ២០២៣
ការស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ នេះហើយ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ខាងកម្ពុជាវិញ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
យោងតាមសារព័ត៌មាន VN Express កាលពីម្សិលមិញនេះ ក្រុមការងាររបស់វៀតណាមបច្ចុប្បន្នកំពុងសំរុកបញ្ចប់នីតិវិធី និងការសិក្សានានាឱ្យបានក្នុងឆ្នាំនេះ ក៏ដូចជាផ្ដល់សំណងដល់អ្នកដែលប៉ះពាល់ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំក្រោយផងដែរ ពោលគឺដើម្បីធានាថាគម្រោងនឹងចាប់ផ្ដើមតាមផែនការ។
ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នេះមានប្រវែង ៥៣ គីឡូម៉ែត្រ ដោយរត់ចេញពីផ្លូវក្រវាត់ក្រុងលេខ ៣ នៃក្រុងហូជីមិញ ទៅផ្លូវជាតិលេខ ២២ ហើយបន្តទៅច្រកព្រំដែនម៉ុកបៃ-បាវិត។
គិតត្រឹមថ្ងៃនេះ ផ្លូវជាតិលេខ ២២ របស់វៀតណាម គឺជាផ្លូវតែមួយគត់ដែលតភ្ជាប់ហូជីមិញទៅព្រំដែនកម្ពុជាបាវិត ដែលធ្វើឱ្យចរាចរណ៍ច្រើនលើសកំណត់។
ប្រភពដដែលបានបន្ថែមថា ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នឹងត្រូវសាងសង់ក្រោមលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយរដ្ឋាភិបាលជាអ្នកផ្ដល់សំណងលើដីធ្លីដែលប៉ះពាល់។
យ៉ាងណាមិញ សម្រាប់ខាងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅតែស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។ មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសសេចក្តីសម្រេចណាមួយអំពីគម្រោងនេះនៅឡើយទេ។
កាលពីខែវិច្ឆិកា ឆ្នាំមុន ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន។ (អានបន្ថែម)
បើយោងតាម ឯកឧត្តម កាលពីខែ កញ្ញាកន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ សម្រាប់គម្រោងនេះ ប៉ុន្តែរដ្ឋមិនទាន់សម្រេចយកប្លង់ណាមួយឡើយ ដោយនឹងពិចារណាលើកត្តាផ្សេងៗទៀតជាច្រើន។ (អានបន្ថែម)
ទន្ទឹមនឹងនេះ កន្លងទៅ JICA ក៏បានបញ្ចប់ការសិក្សាលើគម្រោងល្បឿនលឿនភ្នំពេញ-បាវិតនេះ ផងដែរ ប៉ុន្តែដោយសារថ្លៃនៃការស្ថាបនាខ្ពស់ រាជរដ្ឋាភិបាលកំពុងពិចារណា ជ្រើសរើសយកគម្រោងដែលមានតម្លៃទាបជាង។
គួបញ្ជាក់ផងដែរថា ប្រសិនបើផ្លូវល្បឿនលឿនទាំង២ ប្រទេស សាងសង់រួច ហើយតភ្ជាប់គ្នាពិតមែន វិស័យដឹកជញ្ជូននៃប្រទេសទាំង ២ នឹងឈានទៅមុខមួយកម្រិតទៀត ដែលជាកត្តាវិជ្ជមានសម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
- Video Advertisement -