រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចយកដីឡូតិ៍មួយកន្លែងធ្វើផ្សារជាបណ្ដោះអាសន្ន

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំផ្សារជាបណ្តោះអាសន្ន លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា នេះ។

ផ្សារបណ្តោះអាសន្ននេះ មានតូបទាំងអស់ជាង ២០០តូប ដោយប្រជាជនអាចដាក់លក់ដោយមិនគិតថ្លៃឈ្នួលតូបនោះឡើយ។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងដីឡូតិ៍ផ្ទាល់ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានឱ្យដឹងថា ផ្សារនេះធ្វើឡើងដើម្បីរក្សាបានគម្លាតសង្គម និងអនាម័យ តាមរយៈការត្រួតពិនិត្យច្បាស់លាស់។

«ការលក់នៅផ្សារនេះនេះ នឹងមានទាំងសោភ័ណភាព សុវត្ថិភាព និងជួយរក្សាកាត់បន្ថយការឆ្លងនៃជំងៃកូវីដ-១៩ បានមួយកម្រិត» ឯកឧត្តមបានបន្ត។

គួរបញ្ជាក់ផងដែរថា ការបង្កើតផ្សារបណ្ដោះអាសន្នខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តកំពង់ស្ពឺ មានអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន សរុបចំនួន២៦នាក់ ដោយរដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់តំបន់ និងទីផ្សារមួយនៅក្នុងខេត្តចំនួនផងដែរ៕

- Video Advertisement -