សេវាកម្មដឹកជញ្ជូន និងការទិញអនឡាញកំពុងមានសន្ទុះ ដូច្នេះតើម្ចាស់ផ្សារទំនើបគួរផ្លាស់ប្ដូរខ្លួនយ៉ាងណា?
អ្នកជំនាញផ្នែកអចលនទ្រព្យមកពីសិង្ហបូរីបានណែនាំថា ម្ចាស់ផ្សារទំនើបនៅកម្ពុជា គួរពិចារណារៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សារ និងគំរូអាជីវកម្មឡើងវិញ ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃការលក់ទំនិញអនឡាញ និងសេវាកម្មដឹកជញ្ជូន។
នាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor លោក Ku Swee Yong បានឱ្យដឹងនៅក្នុងសិក្ខាសាលាអនឡាញដែលរៀបចំដោយក្រុមហ៊ុន Pointer កាលពីថ្ងៃសៅរ៍ កន្លងមកនេះថា ចំនួនអ្នកដើរផ្សារទំនើបនាពេលបច្ចុប្បន្នបានថមថយយ៉ាងខ្លាំង។
ហើយនាពេលអនាគត ទោះបីការបិទខ្ទប់ ឬវិបត្តិកូវីដធូរស្បើយក្ដី ចំនួនអ្នកដើរផ្សារទំនើបក៏មិនច្រើនដូចមុនដែរ ព្រោះភាពងាយស្រួលក្នុងការកុំម្ម៉ង់ទំនិញអនឡាញបានក្លាយជាទម្លាប់ថ្មីរបស់អតិថិជនទៅហើយ។ ដូច្នេះម្ចាស់ផ្សារទំនើបត្រូវតែចេះសម្របខ្លួន។
លោកបន្តថា៖ «ទំនិញជាច្រើនដូចជាម្ហូបអាហារ និងផលិតផលគ្រឿងទេសដែលមានទំងន់ធ្ងន់នានាៗ នឹងត្រូវកុម៉្មង់បានតាមអនឡាញច្រើនជាងមុន។ អាជីវកម្មដែលអាចនឹងនៅមានលំនឹង គឺប្រភេទសេវាកម្ម ដូចជាងហាងធ្វើសក់ ហាងម៉ាស្សា រោងកុន និងកន្លែងកម្សាន្ត ដែលមនុស្សត្រូវការដើម្បីជួបជុំគ្នាជាដើម»។
«ដូច្នេះ ម្ចាស់អាជីវកម្មដែលមិនមែនជាប្រភេទសេវាកម្មគួរពិចារណាកាត់បន្ថយចំណាយ ដោយជួលកន្លែងដែលតូចជាងមុន ហើយប្រើប្រាស់បច្ចេកវិទ្យាដើម្បីចូលប្រឡូកក្នុងទីផ្សារអនឡាញឱ្យបានច្រើនជាងមុន»។
ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបវិញ លោកណែនាំថា ពួកគេក៏ត្រូវតែសម្របខ្លួនដែរ ពោលគឺគួររចនាប្លង់ផ្សារថ្មី ដោយមានកន្លែងចតម៉ូតូសម្រាប់អ្នកដឹកជញ្ជូនដែលធំទូលាយ និងងាយស្រួលជាងមុន។ បើទៅរួច ម្ចាស់ហាងគួរតែសាងសង់ចំណតវែងមួយខ្សែមានដំបូល ហើយមានតូបហាងផ្សេងៗនៅសងខាងចំណតនោះ ដែលងាយស្រួលក្នុងការចេញចូលយកទំនិញ។
ការធ្វើបែបនេះ មិនត្រឹមត្រូវជួយឱ្យអ្នកដឹកជញ្ជូនងាយស្រួលប៉ុណ្ណោះទេ តែនឹងធ្វើឱ្យការដឹកជញ្ជូនលឿនជាងមុន ហើយទំនិញដូចជាម្ហូបអាហារក៏នឹងនៅស្រស់ និងក្ដៅជាមុនផងដែរ។ បើម្ចាស់ផ្សារមានហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមែន វាក៏នឹងជួយទាក់ទាញអ្នកកុម្ម៉ង់ច្រើនជាងមុន ហើយផ្សារទំនើបនឹងមានសណ្ដាប់ធ្នាប់ជាងមុនផងដែរ។
- Video Advertisement -