រដ្ឋបាលខេត្តបាត់ដំបងចុះពន្លឿនការរុះរើសំណង់ប៉ះពាល់គម្រោងកែលម្អផ្លូវជាតិលេខ៥

រដ្ឋបាលខេត្តបាត់ដំបង បានចុះជំរុញឱ្យពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអ្នកដែលមានអគារ ឬសំណង់ស៊ីចំណីផ្លូវខុសច្បាប់ និងអ្នកដែលមានអគារត្រឹមត្រូវតែទទួលបានសំណងរួចហើយ ឱ្យរុះរើជាបន្ទាន់ ដើម្បីពន្លឿនការដ្ឋានកែលម្អផ្លូវឱ្យសម្រេចបានតាមកាលកំណត់។

នេះបើយោងតាម កិច្ចចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះ។

គម្រោងកែលម្អរផ្លូវជាតិលេខ៥ ជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។

ការសាងសង់ផ្លូវមួយខ្សែនេះ ចែកចេញជា ៣ផ្នែក គឺ ១)កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងសរុបប្រមាណ ៨៤គ.ម ២) កំណាត់ធ្លាម្អម-បាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ១៣៤គ.ម និងកំណាត់ព្រែកក្តាម-ធ្លាម្អម ដែលមានប្រវែងសរុបប្រមាណ ១៣៥គ.ម។

ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ អាជ្ញាធរមិនបានបញ្ជាក់ពីតួរលេខវិឌ្ឍនភាពបច្ចុប្បន្ននោះទេ តែបើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ។ (អានបន្ថែម)

- Video Advertisement -