តើអាជីវកម្មអចលនទ្រព្យគួរសម្របខ្លួនដូចម្ដេចដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង?

អ្នកវិភាគអចលនទ្រព្យជាច្រើន មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលអាចនឹងប្រសើរឡើងវិញនៅដើមឆ្នាំ ២០២២ ក្រោយស្ថានភាពកូវីដត្រូវបានគ្រប់គ្រង។ យ៉ាងណាក្ដី ដើមឆ្នាំ ២០២២ គឺជារយៈពេលវែងឆ្ងាយមួយ ពិសេសសម្រាប់អាជីវកម្មដែលកំពុងរងសម្ពាធ។ ម្យ៉ាងវិញទៀត ដើមឆ្នាំ២០២២ ត្រឹមតែជាការព្យាករណ៍ប៉ុណ្ណោះ ហើយទីផ្សារអាចនឹងមិនប្រសើរឡើងដូចការគិតក៏ថាបាន។

ដូច្នេះ ចំណុចសំខាន់បំផុតគឺវិធីសាស្រ្តសម្របខ្លួនដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង។ អ្នកជំនាញបានចែករំលែកវិធីសាស្រ្ត ៦ ចំណុចធំៗដូចខាងក្រោម៖

១) ប្រើទុនបម្រុង
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា វិធីសាស្រ្តដំបូងបង្អស់ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងអំឡុងពេលនេះ គឺការប្រើទុនសន្សំ ឬទុនបម្រុង មកជួយក្នុងការដំណើរការអាជីវកម្ម។ ទុនបំរុងនេះនឹងអាចជួយឱ្យអាជីវកម្មដើរទៅមុខបានមួយជំហ៊ានទៀត។

២) សហការជាមួយបុគ្គលិក និងលក់ភាគហ៊ុន
លោក សុជាតិ បន្តថា ក្នុងករណីដែលមិនមានទុនបម្រុង ឬទុនបម្រុងត្រូវបានប្រើអស់។ ចំណុចបន្ទាប់គឺត្រូវសុំការសហការពីបុគ្គលិក។ ចំណុចនេះ ក្រុមហ៊ុនភាគច្រើនគឺបង្ខំចិត្តកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ប៉ុន្តែក៏នៅមានវិធីសាស្ត្រមួយទៀតក្រៅពីការកាត់ប្រាក់ខែរបស់បុគ្គលិក។ ក្រុមហ៊ុនអាចគិតគូរលក់ភាគហ៊ុនមួយចំនួនឱ្យទៅបុគ្គលិក ដើម្បីប្រមូលទុនមកបន្តអាជីវកម្ម។ ការលក់ភាគហ៊ុននេះទៀតសោត មិនត្រឹមតែលក់ឱ្យបុគ្គលិកប៉ុណ្ណោះទេ តែក៏អាចបើកលក់ជាសាធារណៈផងដែរ។ នេះគឺវិធីសាស្រ្តប្រមូលទុនដ៏ធំមួយ បើក្រុមហ៊ុនរបស់អ្នកមានផែនការ និងទស្សនវិស័យវែងឆ្ងាយ។

៣) រកទុនបន្ថែមពីអ្នកវិនិយោគធំៗ
យ៉ាងណាមិញ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានបន្ថែមថា ក្រៅពីបើកលក់ភាគហ៊ុនឱ្យបុគ្គលិក ឬសាធារណជន វីធីសាស្រ្តមួយទៀតគឺស្វែងរកទុនពីអ្នកវិនិយោគធំៗ ដែលអាចជាកម្ចីពីធនាគារ ឬការទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗ។

ជាទូទៅ នៅកម្ពុជាមានក្រុមហ៊ុនធំៗមួយចំនួនហៅថា Investment Fund ដែលមានទុនច្រើន រង់ចាំជួយវិនិយោគក្នុងក្រុមហ៊ុនខ្នាតតូច និងមធ្យម ឬ SME។ ជាក់ស្ដែង ដូចជា Emerging Markets Investments (EMI) គឺជាក្រុមហ៊ុនដែលមានទុនខ្ពស់ ចាំជួយចូលរួមផ្ដល់ទុនឱ្យក្រុមហ៊ុនតូចៗ។

ការបើកឱ្យក្រុមហ៊ុនទាំងនេះចូលមកវិនិយោគ ឬទិញភាគហ៊ុនរបស់អ្នក មិនត្រឹមតែជួយឱ្យអ្នកអាចរក្សាលំនឹងអាជីវកម្មនោះទេ តែជាវិធីពង្រីកអាជីវកម្ម និងជាការរៀនសូត្រពីអុ្នកវិនិយោគធំៗទៀតផង។

៤) សិក្សា និងស្គាល់ខ្លួនឯងឱ្យច្បាស់ជាងមុន
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានបន្ថែមថា សំណុចសំខាន់បំផុតមុននឹងទៅសុំកម្ចី ឬសុំទុនវិនិយោគពីអ្នកដទៃ ម្ចាស់អាជីវកម្មអចលនទ្រព្យនីមួយៗ ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ពោលគឺចង់ឱ្យគេជួយត្រង់ចំណុចណា ឬផ្នែកណា។ ជារួម ម្ចាស់អាជីវកម្មត្រូវគិតឱ្យបានវែងឆ្ងាយ ត្រៀមផែនការឱ្យបានច្បាស់លាស់ ព្រោះការទៅសុំទុនពីអ្នកដទៃមិនមែនជារឿងងាយដូចការគិតនោះទេ ដូច្នេះបើក្រុមហ៊ុនរបស់អ្នកមិនមានភាពទាក់ទាញ អ្នកនឹងមិនទទួលបានទុននោះដែរ។

៥) ដាក់ផែនការបានឱ្យច្បាស់លាស់ថាចប់កូវីដនឹងធ្វើអ្វីទៀត
ដូចគ្នានេះដែរ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. បានឱ្យដឹងថា ក្រៅពីចំណុចទាំង ៤ ម្ចាស់អាជីវកម្មអចលនទ្រព្យម្នាក់ៗ ក៏មិនត្រូវភ្លេចខ្លួន ដោយគិតត្រឹមតែផែនការរក្សាលំនឹងដើម្បីរស់នោះដែរ។ ប៉ុន្តែអ្នកក៏ត្រូវដាក់គោលដៅ និងផែនការឱ្យបានច្បាស់លាស់ថា អ្នកនឹងតម្រង់ទិសអាជីវកម្មបែបណា ក្រោយកូវីដប្រសើរឡើង។ ឧទាហរណ៍ តើក្រុមហ៊ុនរបស់អ្នកមានបច្ចេកវិទ្យាថ្មីៗ គ្រប់គ្រាន់ឬនៅ ដើម្បីសម្របខ្លួននឹងទីផ្សារដែលផ្ដោតលើប្រព័ន្ធអនឡាញខ្លាំងជាងមុននៅពេលអនាគត។

៦) សំងំអភិវឌ្ឍខ្លួន
លោក សន សៀប បានណែនាំថា រយៈពេលដែលស្ងប់ស្ងាត់នេះ គឺសាកសម្យបំផុតដើម្បីសំងំអភិវឌ្ឍខ្លួន ពោលគឺពង្រឹងសមត្ថភាពរបស់បុគ្គលិក រៀនសូត្រពីទីផ្សារ និងតម្រូវការរបស់អតិថិជនក្នុងបរបទថ្មី និងចាប់យកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ជាដើម។ កត្តានេះ នឹងជួយឱ្យអាជីវកម្មរបស់អ្នកមានសន្ទុះខ្លាំងក្រោយវិបត្តិកូវដីស្ងប់ស្ងាត់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]