អាមេរិកចង់បង្ហោះបន្ទះសូឡាចូលក្នុងអវកាស ប្រមូលថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ មកប្រើក្នុងលោក
មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក ឬ Air Force Research Laboratory (AFRL) កំពុងសិក្សាផែនការបង្ហោះបន្ទះសូឡាចូលក្នុងអវកាស ដើម្បីស្រូបយកថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ ហើយបំឡែងជាកាំរស្មី បាញ់ចូលមកភពផែនដីប្រើប្រាស់ជាថាមពលអគ្គិសនី។
យោងតាមវីដេអូដែលបានចេញផ្សាយដោយ AFRL កាលពីខែមុន ថាមពលអគ្គិសនីសូឡា កំពុងតែមានការពេញនិយម ព្រោះជាថាមពលបៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ការដាក់បន្ទះសូឡា ភាគច្រើនគឺត្រូវការទីធ្លាធំ ហើយត្រូវការទីតាំងណាដែលមានកំដៅថ្ងៃច្រើន។
ដោយឃើញពីផលលំបាកនេះ កងទ័ពអាកាសអាមេរិកកំពុងសិក្សាថា ការបង្ហោះបន្ទះសូឡាចូលទៅក្នុងអវកាស គឺជាដំណោះស្រាយថ្មី ព្រោះអវកាសមានទីធ្លាធំធេងណាស់ ហើយបន្ទះសូឡាអាចស្រូបយកកម្តៅ និងពន្លឺទីព្រះអាទិត្យទាំងយប់ទាំងថ្ងៃគ្មានដែនកំណត់ទៀតផង។
ការសិក្សាបង្ហាញថា បន្ទះសូឡានឹងត្រូវបាញ់ឡើងទៅក្នុងអវកាស ហើយភ្ជាប់នឹងផ្កាយរណប។ ក្រោយស្រូបយកពន្លឺពីព្រះអាទិត្យហើយ បច្ចេកវិទ្យានឹងបំឡែងថាមពលជាកាំរស្មី រួចបាញ់ចូលមកអង់តែនដែលដំឡើងនៅលើផែនដី មុននឹងបំឡែងម្ដងទៀតទៅជាថាមពលអគ្គិសនី។
យ៉ាងណាមិញ គម្រោងនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយការសាកល្បងលើកទី ១ អាចនឹងធ្វើឡើងនៅឆ្នាំ ២០២៤។ ប៉ុន្តែបើបច្ចេកវិទ្យានេះសម្រេចពិតមែន វានឹងក្លាយជារបបគំហើញមួយដ៏ធំមួយសម្រាប់ពិភពលោក ក្នុងការរកប្រភពថាមពលបៃតង ដែលគ្មានដែនកំណត់។ (វីដេអូ)
គួរបញ្ជាក់ផងដែរថា ផែនការចង់ប្រមូលថាមពលសូឡាពីអវកាសនេះ ក៏ធ្លាប់សិក្សាដោយប្រទេសចិនផងដែរ ប៉ុន្តែក៏នៅមានឧបសគ្គមួយចំនួន។
ទាក់ទិននឹងបន្ទះសូឡា ប្រទេសមួយចំនួនក៏កំពុងសិក្សា និងដំណើរការបង្កើតរោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ាដែរ។ អ្នកស្រាវជ្រាវ ធ្លាប់បានបង្ហាញថា បើសាងសង់រោងចក្រសូឡាត្រឹមតែ ១/៤ នៃវាលខ្សាច់សាហារ៉ា គឺនឹងអាចផ្គត់ផ្គងថាមពលឱ្យពិភពលោកទាំងមូលបានហើយ។ ហើយវានឹងក្លាយជាសមិទ្ធផលប្រភពថាមពលដ៏ធំសម្បើម និងមិនប៉ះពាល់ដល់បរិស្ថាន។ (អានបន្ថែម)
- Video Advertisement -