តើទីផ្សារ e-commerce និងទីផ្សារអចលនទ្រព្យ អាចនឹងរួមចូលគ្នាបានដែរឬទេ? ជាឱកាសឬយ៉ាងណា?
សម្រាប់អ្នកវិភាគខ្លះថា ការទិញទំនិញអនឡាញ ឬទីផ្សារ e-commerce គឺជាគូប្រជែងនៃទីផ្សារអចលនទ្រព្យ ពិសេសទីផ្សារ Retail ឬទីផ្សារផ្សារទំនើប។
ប៉ុន្តែលោក Eric Wong ដែលជាអ្នកវិភាគទីផ្សារជើងចាស់មួយរូប បានយល់ឃើញថា ហេដ្ឋារចនាសម្ព័ន្ធ e-commerce ឬកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា គឺពិតជាចលករជំរុញទីផ្សារអចលនទ្រព្យទៅវិញទេ បើម្ចាស់អាជីវកម្មនីមួយៗចេះប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព។
យោងតាមតួលេខចុងក្រោយ ត្រឹមចុងឆ្នាំ ២០២០ អ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទនៅកម្ពុជាទាំងអស់មានដល់ទៅ ២០លាននាក់ ដែលភាគច្រើនគឺប្រើ Smartphone។ កំណើននៃការប្រើប្រាស់ Smartphone និង Internet នេះហើយគឺជាឱកាសសម្រាប់ទីផ្សារអនឡាញ ក៏ដូចជាទីផ្សារលក់រាយ (Retail) ផងដែរ។
ពីមុន ផ្សារទំនើបដែលលក់ទំនិញនានា រំពឹងទាំងស្រុងលើអតិថិជនដែលចូលទៅក្នុងហាង ប៉ុន្តែពេលនេះ ពួកគាត់អាចផ្សព្វផ្សាយផលិតផលរបស់ពួកគាត់លើប្រព័ន្ធអនឡាញ ឬក៏អាចលក់ផលិតផលតាមប្រព័ន្ធអនឡាញផ្ទាល់តែម្ដង។
ឧទាហរណ៍ ដូចជាហាងលក់សម្លៀកបំពាក់ Zendo និង Ten11 សុទ្ធសឹងតែចាប់ផ្ដើមមានប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយអាជីវកម្ម។ លើសពីនេះ ក៏នៅប្រេនជាច្រើនទៀត ដូចជា La Rue និង ISSARA ក៏បានបង្កើតជាកម្មវិធីទូរសព្ទសម្រាប់ធ្វើទីផ្សារផ្ទាល់តែម្ដង។
អាជីវកម្មលក់រាយលើប្រព័ន្ធអនឡាញដែលកំពុងពេញនិយមមួយទៀតគឺ ម្លូបអាហារ និងការកម្សាន្ត។ ពីរវិស័យនេះ បានវាយលុកទីផ្សារយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងអំឡុងវិបត្តិកូវីដ។
លើសនេះ ជាមួយនឹងកំណើននៃសេវាកម្មដឹកជញ្ជូន ដែលមានជម្រើសច្រើន និងតម្លៃទាបជាងមុន ការលក់អនឡាញ ក៏កាន់តែមានសន្ទុះផងដែរ។
ដូច្នេះ ឃើញថាសម្រាប់ម្ចាស់អាជីវកម្មដែលចេះសម្របខ្លួន ការលក់ផលិតផលអនឡាញ មិនមែនជាឧបសគ្គកាត់បន្ថយអតិថិជននោះទេ តែជាឱកាសចំណេញទាំង ២ ផ្លូវ ពោលគឺការលក់ក្នុងហាងផ្ទាល់ផង និងការលក់អនឡាញផង។
–
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -