ក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ
នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រសួងបានសម្រេចអនុម័ត ៦ ១៦៤ សំណើ។
ក្នុងចំណោមក្រុមហ៊ុនទាំងអស់ បើគិតជាភាគរយ អាជីវកម្មទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មាន១០% ឬស្មើនឹងប្រមាណ ៦៣៤ក្រុមហ៊ុន។ ដោយឡែកទំហំវិនិយោគតាមវិស័យវិញ សកម្មភាពអចលនវត្ថុមាន ១៥% នៃទំហំវិនិយោគទាំងអស់។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។
ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ប្រព័ន្ធថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅស្ថាប័នរដ្ឋមួយចំនួន រួមមាន៖ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

