ពលរដ្ឋ ២៤គ្រួសាររស់នៅលើដីចំណីផ្លូវស្ម័គ្រចិត្តទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្តកណ្តាល
ប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិលេខ២១ នៅត្រង់ចំណុចចន្លោះ គ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានយល់ព្រមទទួលដំណោះស្រាយផលប៉ះពាល់ហើយ ពីរដ្ឋបាលខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើក-ច្រើនសារមកហើយ ខណៈពេលនេះពលរដ្ឋទាំង២៤គ្រួសារ បានចូលរួមសហការជាមួយ ក្រុមការងារជំនាញពាក់ព័ន្ធរបស់យើង រហូតបញ្ចប់វិវាទនេះ។
ជាមួយគ្នានេះ ឯកឧត្តមបន្តថា ពលរដ្ឋទាំង ២៤គ្រួសារ បានយល់ព្រមទទួលយកនូវសំណងនៃការដោះស្រាយផលប៉ះពាល់នេះ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។
យ៉ាងណា ទោះជាមិនបានបញ្ជាក់ពីចំនួនសំណង និងដំណោះស្រាយច្បាស់លាស់ ប៉ុន្តែអាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ២១ និងអភិវឌ្ឍន៍ខេត្តកណ្តាល៕
ជាមួយគ្នានេះដែរ ថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ដើម្បីពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ (អានបន្ថែម)

