ADB ផ្ដល់កម្ចី ១២លានដុល្លារ មកលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នៅខេត្តកំពង់ធំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់កម្ចី ១២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីយកធ្វើទំនើបកម្មសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ធំ។
លោក ជូ កុល្លា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា គម្រោងទាំងមូលរួមមាន ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលអាចច្រោះទឹកប្រមាណ ២៥០០ ម៉ែត្រគូប/ថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយមានប្រវែងប្រមាណ ៣៩,២ គីឡូម៉ែត បណ្តាញលូបង្ហូរទឹក មានប្រវែងប្រមាណ ១៧,១ គីឡូម៉ែត និងការសាងសង់ទីលានចាក់សំរាមដែលអាចដាក់សំរាមបានចំនួន ៤៨ ០០០ម៉ែត្រគូប ជាដើម។
កាលពីថ្ងៃទី ០៦ ខែកក្កដា កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន China First Metallurgical Group Ltd. រួចហើយ ដោយគម្រោងនឹងប្រើពេល ៣ ឆ្នាំក្នុងការសាងសង់ ពោលគឺចាប់ខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចាប់ផ្ដើមចុះត្រួតពិនិត្យសំណង់រំលោភបំពានទៅលើចំណីផ្លូវ និងស្នើឱ្យប្រជាពលរដ្ឋរុះរើមុនការសាងសង់ចាបផ្ដើម។
លើសពីនេះ ឯកឧត្តមអភិបាលក៏បានជំរុញឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានឆាប់រហ័សជាងគេ ដើម្បីជៀសវាងការជន់លិចក្រុងនៅរដូវវស្សា។

