អ្នកច្ចេកទេសអន្តរក្រសួង ពិនិត្យឡើងវិញលើប្លង់ និងខឿនចិញ្ចើមផ្លូវ ៣៨ខ្សែ ដើម្បីធានាគុណភាព
ក្រុមអ្នកច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពង្រឹងលើការងារប្លង់ស្ថាបត្យកម្មផ្លូវ និងការរៀបចំចិញ្ចើមផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។
ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិនិត្យលើការងារសំខាន់ជាច្រើន ដូចជា ផែនការរៀបខឿនចិញ្ចើមផ្លូវ ការរៀបកម្រាលផ្លូវថ្មើរជើង ដំឡើងបរិក្ខារផ្លូវថ្នល់ និងការកំណត់ទីតាំងដាំដើមឈើជាដើម។
លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើសំណូមពរ និងដំណោះស្រាយរបស់អង្គភាពអនុវត្តគម្រោង ព្រមទាំងការងារបច្ចេកទេសមួយចំនួនទៀតផងដែរ។
កាលពីថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវ ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណ ១០៨ គីឡូម៉ែត្រ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
គម្រោងនេះ នឹងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយបច្ចុប្បន្នសម្រេចបានជាង ៦៣% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ នេះ។ (អានបន្ថែម)

