អ្វីជាការវិនិយោគអចលទ្រព្យបែប Timeshare? ខុសពីវិនិយោគធម្មតាដូចម្ដេច មានសក្ដានុពលទេ?
តើអ្នកធ្លាប់ដឹងទេថា អ្នកអាចទិញបន្ទប់របស់សណ្ឋាគារ ឬរីសត ណាមួយត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមានឈ្មោះលើប្លង់រឹងនៃយូនីតមួយនោះ ហើយអាចទិញលក់យកចំណេញបានដូចភាគហ៊ុនដូច្នោះដែរ។ ការទិញបែបនេះហៅថា Timeshare តើការវិនិយោគបែបនេះ គឺជាអ្វី?
ការវិនិយោគTimeshare គឺជាការបំបែកកម្មសិទ្ធនៃបន្ទប់ឬុយូនីតណាមួយរបស់សណ្ឋាគារ ឬរីសត ជាចំណែកតូចៗតាមពេលវេលា ដើម្បីឱ្យអ្នកវិនិយោគអាចទិញបានក្នុងតម្លៃសមរម្យ។ ភាគច្រើនការបំបែកកម្មសិទ្ធនៃបន្ទប់ ឬុយូនីតត្រូវបែងចែកជាសប្ដាហ៍ ដែល ១ សប្ដាហ៍ស្មើនឹង១ ភាគហ៊ុន។ ក្នុង១ឆ្នាំ ជាទូទៅគឺមាន ៥២សប្ដាហ៍ ដូច្នេះអចលនទ្រព្យទាំងមូលក៏ត្រូវបែងចែកជា ៥២ភាគហ៊ុន ដែរ។
ករណីអ្នកចង់ទិញ ២ ភាគហ៊ុន អ្នកនឹងមានសិទ្ធិស្នាក់នៅ ឬធ្វើជាម្ចាស់លើយូនីតនោះ ២សប្ដាហ៍ រៀងរាល់ឆ្នាំ។ ហើយនៅលើប្លង់រឹង អ្នកក៏ជាម្ចាស់កម្មសិទ្ធិ ២ភាគហ៊ុនលើយូនីតនោះដែរ។ លើសពីនេះ អ្នកក៏ទិញលក់ចំណែករបស់អ្នកដូចជាភាគហ៊ុនដូច្នោះដែរ។
ការវិនិយោគបែប Timeshare នេះទៀតសោត ភាគច្រើនគឺធ្វើឡើងនៅតាមសណ្ឋាគារ ឬរីសត ដែលស្ថិតនៅតំបន់ទេសចរណ៍ល្បីៗ។
អត្ថប្រយោជន៍នៃការវិនិយោគបែបនេះ ទី១ តម្លៃទុនវិនិយោគគឺសមរម្យ ទិញត្រឹមតែ ១ភាគហ៊ុន ប៉ុណ្ណោះ តែបានក្លាយជាម្ចាស់រីសតល្បីនៅតំបន់ទេសចរណ៍ ថែមទាំងអាចទៅប្រើសេវាកម្មស្ដង់ដាតាមរយៈពេលនៃចំនួនភាគហ៊ុនដែលអ្នកទិញទៀតរាល់ឆ្នាំទៀតផង។
ការវិនិយោគបែបនេះចាត់ទុកថាល្អជាងទៅជួលសណ្ឋាគារគេរៀងរាល់ឆ្នាំ ព្រោះអ្នកចំណាយតែម្ដង តែអាចទៅស្នាក់នៅបានរាល់ឆ្នាំ ហើយអាចលក់បានចំណេញទៅអនាគតទៀតផង។
យ៉ាងណាមិញ ការវិនិយោគបែបនេះក៏មានគុណវិបត្តិដែរ អ្នកនឹងមិនទទួលបានប្រាក់ចំណូលប្រចាំឆ្នាំពីការវិនិយោគនេះទេ។ Timeshares គឺខុសគ្នាពីខុនដូតែល (Condotel) ដែលអ្នកជាម្ចាស់យូនីត ឬបន្ទប់នោះដាច់តែម្នាក់ឯងតែម្ដង ហើយអ្នកអនុញ្ញាតឱ្យប្រេនសណ្ឋាគារធំៗមកគ្រប់គ្រងឱ្យ ដែលអ្នកនឹងទទួលបានចំណូលប្រចាំឆ្នាំពីការជួល បូកនឹងការស្នាក់នៅឥតគិតថ្លៃក្នុងពេលណាមួយផងដែរ។ (អានបន្ថែមអំពី Condotel)
លើសពីនេះ ម្ចាស់ Timeshare ក៏ត្រូវបង់ថ្លៃថែទាំឬ ថ្លៃខូចខាតជួលជុលសម្ភារៈជារៀងរាល់ឆ្នាំផងដែរ។ ម្យ៉ាងវិញទៀត បើយូនីតនោះចាប់ផ្ដើមចាស់ អ្នកអាចនឹងពិបាកលក់ភាគហ៊ុនរបស់ខ្លួន។
ដូច្នេះ វិនិយោគិនគួរពិចារណាឱ្យបានច្បាស់លាស់មុននឹងវិនិយោគ ហើយ Timeshare នេះទៀតសោតក៏មានលក្ខខណ្ឌផ្សេងៗទៅតាមគម្រោងនីមួយៗ។
សម្រាប់កម្ពុជាវិញ ទីផ្សារនេះហាក់ដូចជាថ្មី ដោយគម្រោង Timeshares ដំបូង ត្រូវបានប្រកាសកាលពីឆ្នាំ ២០១៧ ដែលជាខុនដូតម្លៃជាង ៣០លានដុល្លារ នៅខេត្តព្រះសីហនុ។ (អានបន្ថែម)
ថ្មីៗនេះ ក្រុមហ៊ុន LAB Group ក៏បានប្រកាសថាគ្រោងនឹងបង្កើតរីសតបែប Timeshares ប្លែកថ្មីលើប្រព័ន្ធ Blockchain មួយកន្លែង នៅកម្ពុជាក្នុងអំឡុងពេល ២ឆ្នាំខាងមុខនេះផងដែរ។ (អានបន្ថែម)

