វៀតណាម បើកដំណើរការសេវាដឹកជញ្ជូនផ្លូវដែក ហាណូយ – អឺរ៉ុប ជាលើកដំបូងហើយ
ក្រុមហ៊ុនរថភ្លើងវៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាដឹកជញ្ជូនតាមផ្លូវដែកពីទីក្រុងហាណូយទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងតំបន់អឺរ៉ុប ជាលើកដំបូងហើយ សកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។
សារព័ត៌មានក្នុងស្រុក Vietnam News បានចុះផ្សាយថា ការដឹកទំនិញនេះធ្វើឡើងតាមរយៈខ្សែរថភ្លើងអាស៊ី-អឺរ៉ុប ដែលមានរថភ្លើងចំនួន២៣ទូ និងដឹកទំនិញដូចជាផលិតផលវាយនភណ្ឌ ផលិតផលស្បែក និងស្បែកជើងជាដើម។
រថភ្លើងចាប់ចេញដំណើរពីស្ថានីយ Yen Vien ក្នុងទីក្រុងហាណូយ ឆ្ពោះទៅកាន់ទីក្រុង Zhenzhou ក្នុងខេត្ត Henanនៃប្រទេសចិន មុននឹងភ្ជាប់ចូលបណ្តាញផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប ដែលឆ្លងកាត់ប្រទេស កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ និងប៊ែលហ្សិក។
លោក Nguyễn Hoàng Thanh អគ្គនាយករងនៃ Ratraco ដែលជាក្រុមហ៊ុនរៀបចំការដឹកជញ្ជូននេះ បានលើកឡើងថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីប្រទេសវៀតណាមទៅកាន់ប្រទេសប៊ែលហ្សិក នឹងជួយពង្រីកមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែកវៀតណាមកាន់តែធំក្នុងតំបន់អឺរ៉ុប។
គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងពីប្រទេសវៀតណាម ទៅកាន់ប្រទេសអឺរ៉ុប គ្រោងនឹងធ្វើឡើងប្រមាណ ៨ជើង ក្នុងមួយខែ។
ជាក់ស្ដែង ការដឹកជញ្ជូនតាមរថភ្លើងពីរវាងប្រទេសវៀតណាម ទៅកាន់តំបន់អឺរ៉ុប នេះគឺត្រូវការប្រមាណ ពី២៥ថ្ងៃទៅ ២៧ថ្ងៃ។
រូបភាពពិ៖ wikimedia

