ច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ
ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។
ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។
ដោយឡែក ច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
ចំណែកឯច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គិសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន ចេញពីគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ១៥០មេហ្កាវ៉ាត់ ក្នុងខេត្តកោះកុង។
គួរបញ្ជាក់ថា ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យាធានាទិញរវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។
មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។
ឧទាហរណ៍ តាមរយៈច្បាប់នេះ បើប្រទេសបញ្ហានយោបាយប្ដូរអ្នកដឹកនាំ រដ្ឋាភិបាលថ្មីក៏ត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា ឬទូទាត់ឱ្យក្រុមហ៊ុនដែរ មិនអាចទុកជាមោឃៈបានទេ ដែលខុសពីកិច្ចសន្យាទូទៅ។
អត្ថប្រយោជន៍សំខាន់បំផុតនៃច្បាប់នេះ គឺការបង្កើនភាពកក់ក្ដៅ និងទំនុកចិត្តដល់អ្នកវិនិយោគលើគម្រោងធំៗ ឱ្យហ៊ានមកវិនិយោគនៅកម្ពុជាច្រើនជាងមុន។ ជាលទ្ធផល កម្ពុជាក៏នឹងទាក់ទាញការវិនិយោគច្រើនជាងមុន ដែលជាកត្ដាធ្វើឱ្យប្រទេសកាន់តែរីកចម្រើន។យ៉ាងណាក្ដី ច្បាប់នេះគឺមានខ្លឹមសារលម្អិតជាងនេះ ដែលខុសគ្នាទៅតាមគម្រោងនីមួយៗ។
- Video Advertisement -