Prince Huan Yu និង Pointer ចាប់ដៃគ្នាអង្រួនសក្ដានុពលតំបន់ព្រែកព្នៅ ជាមួយគម្រោងបុរី ២៧០ហិកតា
ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យល្បី Prince Huan Yu Real Estate និង ក្រុមហ៊ុនបឹ្រក្សាអចលនទ្រព្យជើងចាស់នៅកម្ពុជា Pointer Property សម្រេចចាប់ដៃគ្នាអង្រួនសក្ដានុពលតំបន់ព្រែកភ្នៅ ជាមួយនឹងគម្រោង«បុរីភូមិសំរោង» ដែលជាលំនៅឋានបែបច្នៃប្រឌិតថ្មី ផ្ដោតលើការរស់នៅបែបសហគម ធម្មជាតិ ក៏ដូចជាលំហបៃតងជាគោល។
មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ភាគខាងជើងរាជធានីភ្នំពេញ គម្រោងបុរីដ៏ធំមួយនេះបានបើកការដ្ឋានរួចហើយតាំងពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើផ្ទៃដីសរុបរហូតដល់ទៅ២៧០ ហិកតា ដោយដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដីត្រឹមទំហំ ៣៣ហិកតា។
ជាក់ស្ដែង ភាគខាងជើងនៃរាជធានីភ្នំពេញ គឺពោរពេញដោយសក្តានុពលដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែប និងហ៊ុមព័ទ្ធដោយគម្រោងធំៗជាច្រើនដូចជា ក្លឹបវាយកូនហ្គោល ពហុកីឡដ្ឋានជាតិមរតកតេជោ សួនសត្វសាហ្វារី សួនទឹកហ្គាដេនស៊ីធី និងកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន។
ក្រៅពីស្ថិតនៅទីតាំងដែលមានសក្ដានុពល និងជាបុរីដែលមានការរចនាបែបថ្មី ចំណុចពិសេសមួយទៀតរបស់គម្រោង គឺការសហការគ្នារវាង ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Prince Huan Yu Real Estate និងក្រុមហ៊ុន Pointer Property ខណៈភាគីទាំង ២ បានចុះកិច្ចព្រមព្រៀងឱ្យ Pointer ក្លាយជាដៃគូផ្នែកលក់ និងប្រឹក្សាទីផ្សារផ្តាច់មុខ កាលពីថ្ងៃទី៣០ កក្កដាកន្លងទៅនេះ។
កិច្ចសហការនេះគឺដោយសារតែក្រុមហ៊ុន Prince Huan Yu មើលឃើញពីភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុន Pointer Property ក្នុងទីផ្សារកន្លងមក។
លោក ងួន ឆាយលាង នាយកប្រតិបត្តិ Pointer Property មានប្រសាសន៍ថា បើទោះបីជាស្ថិតក្នុងបរិបទកូវីដក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថាតម្រូវការទិញផ្ទះដើម្បីស្នាក់នៅនៅតែបន្តកើនឡើង។
«ពលរដ្ឋខ្មែរភាគច្រើនពេលនេះកំពុងងាកទៅរកគម្រោងលំនៅឋានដែលមានទីធ្លាធំទូលាយ មានសួនច្បារ និងបរិយាកាសរស់នៅល្អបែបធម្មជាតិ។ ដូច្នេះ បុរីភូមិសំរោងនេះនឹងឆ្លើយតបទៅនឹងតម្រូវការទាំងអស់នោះ ដោយផ្តោតលើការរស់នៅជាសហគមន៍ និងគ្របដណ្តប់ដោយរុក្ខជាតិបៃតង» លោកបានបន្ត។
គួរបញ្ជាក់ផងដែរថា គម្រោងលំនៅឋានដ៏ធំមួយនេះមិនមែនជាគម្រោងទី១ របស់ក្រុមហ៊ុន Prince Huan Yu Real Estate នោះទេ ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុននេះបានឈរជើងនៅប្រទេសកម្ពុជាជាយូរមកហើយ ព្រមជាមួយនឹងសមិទ្ធផលជាច្រើនដូចជា Prince Golden Bay ខុនដូ Prince Huan Yu Center និង Prince Financial Tower ជាដើម។





- Video Advertisement -