កំណើនទីផ្សារអចលនទ្រព្យមិនចំណេញសេដ្ឋកិច្ច និងធ្វើឱ្យដីផ្ទះឡើងថ្លៃហួសសមត្ថភាពទិញ ពិតឬ?
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះ បានលើកឡើងថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។
លោកបានលើកឡើងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន RFI ដោយណែនាំថា ខណៈពេលដែលកម្ពុជាកំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចលនទ្រព្យឱ្យជាប់ ហើយគួរងាកមក ផ្ដោតនិងជំរុញលើវិស័យកសិកកម្ម និងផលិតកម្មវិញ។
លោក គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា៖ «យើងត្រូវព្យាយាមកាត់បន្ថយវិស័យអចលនទ្រព្យ ទប់ឱ្យជាប់ ព្រោះការលូតលាស់នៃវិស័យអចលនទ្រព្យ គឺមិនបានចំណេញដល់ប្រទេសកម្ពុជាទេ តែវាធ្វើឱ្យតម្លៃនៃទ្រព្យសម្បតិ្តកើន ដែលមិនបានជំរុញឱ្យមានផលិតកម្ម ឬបង្កើតប្រាក់ចំណូលទេ»។
«ការដែលអ្នកមានលុយពីក្រៅប្រទេសមកទិញ នឹងធ្វើឱ្យបាត់បង់វប្បធម៌ផលិតកម្មក្នុងស្រុកទាំងអស់ ថ្ងៃក្រោយទៅដី ផ្ទះសម្បែងឡើងថ្លៃដល់កម្រិតកំពូលមួយ ហើយឈប់ឡើងទៅទៀត យើងនឹងអស់អីទិញ ហើយយើងគ្មានផលិតកម្ម ដូច្នេះយើងនឹងគ្មានអីទទួលទាន» លោកបានបន្ដ។
ការវិភាគរបស់សេដ្ឋកិច្ចវិទូម្នាក់នេះ បានធ្វើឱ្យសារធាណជនមានមន្ទិលសង្ស័យថា តើកំណើនវិស័យអចលនទ្រព្យពិតជាបង្កបញ្ហា មែនឬយ៉ាងណា?
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង សូមមិនបញ្ចេញយោបល់លើការវិភាគរបស់លោកបណ្ឌិត គី សេរីវឌ្ឍ ប៉ុន្តែលោកបានបញ្ជាក់ថា វិស័យអចលនទ្រព្យដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
«ខ្ញុំសូមបកស្រាយពីអត្ថប្រយោន៍របស់វិស័យអចលនទ្រព្យសម្រាប់សេដ្ឋកិច្ចជាតិ។ ចំណុចសំខាន់បំផុតទី១ គឺវិស័យអចលនទ្រព្យបង្កើតចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ តាមរយៈពន្ធ។ ជាមធ្យមរដ្ឋមានចំណូលពន្ធប្រមាណ ៣ ទៅ ៤ ពាន់លានដុល្លារ ក្នុង១ឆ្នាំ ដែលវិស័យសំណង់ និងអចលនទ្រព្យរួមចំណែកជាច្រើន»។
«ពន្ធទាំងអស់នោះមាន ពន្ធប្រថាប់ត្រា (៤%) ពន្ធលើអចនទ្រព្យ (0,១%) ពន្ធលើបូរី ឬខុនដូ(ប្រមាណ ៦% ទៅ ៨%) និងពន្ធលើប្រាក់ចំណេញ (២០%) ជាដើម។ គិតទៅ បើគម្រោងមួយតម្លៃត្រឹម ១ពាន់លាន គ្រាន់តែពន្ធប្រថាប់ត្រា និងពន្ធបូរី ចូលដល់១០% ឬ ១០០ លានទៅហើយ»។
លោកគីម ហ៊ាង ក៏បានបញ្ជាក់ទៀតថា ប្រាកដណាស់ដែលវិស័យដែលមានផលិតកម្មសំខាន់សម្រាប់សេដ្ឋកិច្ច តែវិស័យអចលនទ្រព្យក៏ជាចលករជំរុញបន្ថែមដែរ មិនមែនគ្មានប្រយោជន៍នោះទេ។
«វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម ជាក់ស្ដែងគឺជាស្នូលទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែវិស័យអចលនទ្រព្យធៀបបាននឹងថ្នាំប៉ូវ ឬជាជីដាក់ចូលទៅឱ្យសេដ្ឋកិច្ចលូតលាស់ធំធាត់កាន់តែលឿន។ ដូច្នេះវាមានអត្ថប្រយោជន៍ណាស់»។
ក្រៅពីការបកស្រាយរបស់ លោកបណ្ឌិត គីម ហ៊ាង បើវិភាគតាមទ្រឹស្ដីសេដ្ឋកិច្ច ជាទូទៅនៅពេលមានគម្រោងសងសង់នានា ជៀសមិនផុត គឺនឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុក។ នៅពេលពលរដ្ឋមានចំណូល ពួកគាត់នឹងចាយវាយច្រើនជាងមុន ដែលនាំឱ្យសេដ្ឋកិច្ចមានចរន្តផងដែរ ដែលសុទ្ធសឹងតែជួយដល់កំណើន GDP។
លើសពីនេះ នៅពេលតម្លៃអចលនទ្រព្យមានកំណើន គឺត្រូវតែមានអ្នកចំណេញពីការលក់អចលនទ្រព្យនោះ។ អ្នកមានលុយចំណេញនោះ ភាគច្រើននឹងទៅវិនិយោគបន្ត ឬចាយវាយផ្សេងៗនៅក្នុងស្រុក ដែលជាការរួមចំណែកដល់ចរន្តសេដ្ឋកិច្ចមួយចំណែកទៀត ។
យ៉ាងណាមិញ បើវិភាគឱ្យជ្រៅ ការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍ ចាត់ទុកថាជាការក្រើនរំលឹកមួយដើម្បីបញ្ជៀសបញ្ហាប្រឈមទៅថ្ងៃអនាគត ដែលបង្កដោយកំណើនជ្រុលហួសភ្លេចខ្លួន។
ជាក់ស្ដែង ការលើកឡើងរបស់លោកត្រង់ចំណុចថាទីផ្សារកើនឡើងលើសលុប គឺស្របនឹងការក្រើនរំលឹករបស់ធនាគារពិភពលោក និង ADB ដែលតែងតែថា កំណើនទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាអាចជាហានិភ័យសម្រាប់សេដ្ឋកិច្ច ពិសេសទាក់ទិននឹងកំណើនដ៏ច្រើននៃឥណទាននៅក្នុងវិស័យទាំង ២ នេះ។ ដូច្នេះ រដ្ឋាភិបាលត្រូវចាត់វិធានការគ្រប់គ្រង់បន្ថែម។
វិធានការគ្រប់គ្រង់បន្ថែមនេះ មិនមែនសំដៅតែលើគោលនយោបាយហិរញ្ញវត្ថុរឹតបន្ដឹងកម្ចីនោះទេ ប៉ុន្តែក៏សំដៅទៅលើការគ្រប់គ្រងមិនឱ្យទីផ្សារពុះកញ្ជ្រោលខ្លាំងពេក ដែលនាំឱ្យតម្លៃកើនឡើងហួសហេតុ។ ជាក់ស្ដែង ដូចជានៅខេត្តព្រះសីហនុមុនបិទហ្គេមអនឡាញជាដើម។
បើនិយាយឱ្យងាយយល់ វិធានការគ្រប់គ្រង់គឺធ្វើយ៉ាងឱ្យកំណើននៃតម្លៃកើនតាមធម្មជាតិ ឬកើនតាមតម្រូវកាពិតប្រាកដ មិនមែនជាការបំបោង (គោលការណ៍ Supply និង Demand ជាក់ស្ដែង)។
ជាការឆ្លើយតប ការបិទហ្គេមអនឡាញរបស់រដ្ឋាភិបាល ក៏បានធ្វើឱ្យទីផ្សារត្រឡប់មកមានស្ថិរភាពវិញមួយកម្រិត។ លើសពីនេះ រដ្ឋាភិបាលថ្មីៗនេះ ក៏បានដាក់ចេញនូវពន្ធចំណេញមូលធន ដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ ដែលពន្ធនេះក៏នឹងជួយការពារការបំប៉ោងតម្លៃដីហួសកម្រិតផងដែរ។
ជាសរុប វិស័យអនចលនទ្រព្យនៅតែមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ប៉ុន្តែរដ្ឋាភិបាលត្រូវមានវិធានការការពារមិនឱ្យកំណើនជ្រុលហួស ពិសេសលើឥណទាន និងតម្លៃ។
- Video Advertisement -