ការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។
លោកជំទាវ ភឿង សកុណា បានលើកឡើងថា៖ «ភាគីកម្ពុជាចង់ស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធានការនានាដើម្បីបន្តសំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង២ »។
ជាការឆ្លើយតប ឯកឧត្តម Panyarak Poolthup សន្យាថានឹងធ្វើតាមសំណើរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបញ្ជូនឯកសារមកនៅពេលណានោះទេ។
គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

