ក្រសួងដែនដីសម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល ព្រោះប្លង់គម្រោងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយប៉ះពាល់ដល់កម្មសិទ្ធិឯកជនច្រើន។

នេះបើតាមលិខិតចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួង ដែលបានផ្ញើជូនទៅកាន់រដ្ឋបាលខេត្តកណ្តាល។

យ៉ាងណាមិញ លិខិតមិនបានបញ្ជាក់ថា នឹងលុបគម្រោងណាខ្លះ ឬគម្រោងចំនួនប៉ុន្មានទេ។

ប៉ុន្តែបានបញ្ជាក់មូលហេតុថា ការសម្រេចលុបនេះ ធ្វើឡើងក្រោយពីក្រសួងទទួលបានសំណើជាញឹកញាប់ពីប្រជាពលរដ្ឋ ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ដល់កម្មសិទ្ធិ និងលំនៅឋានឯកជនច្រើន ហើយរដ្ឋគួរតែកែសម្រួល។

ក្រោយទទួលបានសំណើ ក្រសួងក៏បានពិនិត្យឃើញថា គម្រោងមានលក្ខណៈមិនសមស្របទៅនឹងភូមិសាស្ត្រជាក់ស្តែងពិតមែន ទើបសម្រេចឱ្យលុបចោល ហើយស្នើឱ្យរដ្ឋបាលខេត្តរៀបចំជាថ្មី ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់វិញ។

ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែត Cambonomist កាលពីថ្ងៃទី២១ ខែកក្កដា ថា៖ «ប្រាកដណាស់ ការលុបគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនជាក់ជាមិនខាន»។

«ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយ នឹងមានក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍ ឬទុកលក់ជាដើម ហើយនៅពេលរដ្ឋមិនធ្វើ ពួកគាត់អាចនឹងខាត់បង់»។

យ៉ាងណាក្ដី អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ ថា្នក់ដឹកនាំក្រសួងបានសិក្សាល្អិតល្អន់រួចទៅហើយ ពីផលវិជ្ជមាន និងអវិជ្ជមាន។

- Video Advertisement -