JICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។
កិច្ចព្រមព្រៀងនេះគឺដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដែលមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។
JICA លើកឡើងថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព នៃការដឹកជញ្ជូននៅទីក្រុងភ្នំពេញ តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមតំបន់។

