ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ H&M នឹងបំពាក់បច្ចេកវិទ្យាកែច្នៃឡើងវិញក្នុងរោងចក្រនៅកម្ពុជា
ហាងលក់សំលៀកបំពាក់ស៊ុយអែត Hennes & Mauritz (H&M) គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែច្នៃឡើងវិញនូវសំណល់វាយនភ័ណ្ឌនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ H&M Foundation ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា។
បច្ចេកវិទ្យានេះមានឈ្មោះថា Green Machine ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ និងទី១ លើពិភពលោក។ វាត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន The Hong Kong Research Institute of Textiles and Apparel Limited (HKRITA) និងក្រុមហ៊ុន H&M Foundation ដែលអាចកែច្នៃឡើងវិញសំណល់វាយនភ័ណ្ឌ ក្នុងទំហំទ្រង់ទ្រាយធំ។
ក្រុមហ៊ុនបញ្ជាក់ថា ការសិក្សាកំពុងចាប់ផ្តើមធ្វើឡើង ដោយគ្រោងដាក់ដំណើរការបច្ចេកវិទ្យានេះនៅកម្ពុជា ក្នុងឆ្នាំ២០២២។ Green Machine នឹងរួមចំណែកដល់អនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា និងភពផែនដី។
លោក Edwin Keh នាយកប្រតិបត្តិរបស់ HKRITA លើកឡើងថា គោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយដែលផ្តល់ផលវិជ្ជមានលើភពផែនដី ហើយ Green Machine គឺជាឧទាហរណ៍ដ៏ល្អនៃគោលបំណងនេះ។
លោក Edwin Keh បន្តថា តម្រូវការកំពុងកើនឡើងជាបន្តបន្ទាប់សម្រាប់បច្ចេកវិទ្យានេះ នឹងជំរុញការផ្លាស់ប្តូរ និងបង្កើនតម្លៃសម្រាប់ឧស្សាហកម្មសំលៀកបំពាក់ និងវាយនភ័ណ្ឌទាំងមូល។
គួរបញ្ជាក់ថា ក្រៅពីមានរោងចក្រនៅកម្ពុជា ក្រុមហ៊ុន H&M កាលពីថ្មីៗនេះ ក៏បានប្រកាសថា នឹងមកបើកហាងលក់សំលៀកបំពាក់សាខានៅកម្ពុជា ជាលើកដំបូងនៅឆ្នាំ២០២២ ខាងមុខនេះ។ (អានបន្ថែម)

