ហេតុអ្វីកម្ពុជាសម្រុកសង់អគារការិយាល័យជាច្រើនបន្ថែមទៀត ទោះក្នុងអំឡុងកូវីដ?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap
ជាងមួយឆ្នាំមកហើយ វិបត្តិកូវីដបានផ្លាស់ប្ដូរនិន្នាការទីផ្សារការិយាល័យក្នុងទីក្រុងភ្នំពេញច្រើនគួរឱ្យកត់សម្គាល់។ ទោះរងសម្ពាធពីការធ្លាក់ចុះនូវវិនិយោគិនបរទេសក្ដី តែឃើញថាការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅទីក្រុងភ្នំពេញនៅតែបន្តកើនឡើងជារៀងរាល់ត្រីមាស ខណៈគម្រោងថ្មីៗជាច្រើនក៏នៅតែប្រកាសបើកជាបន្តបន្ទាប់។ តើកត្តានេះបានជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើទីផ្សារការិយាល័យ?
ទីផ្សារមួយនេះអាចនឹងរងហានិភ័យពីការផ្គត់ផ្គង់លើសតម្រូវការជាលើកដំបូង ខណៈអ្នកកាន់កាប់ (អ្នកជួល) ក៏កំពុងរកវិធីសម្របខ្លួនថ្មី ទៅនឹងកាលៈទេសៈដ៏លំបាកនេះផងដែរ។
ដោយសារការផ្គត់ផ្គង់កើនខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកជួលមានជម្រើសច្រើនជាងមុខ។ អ្នកជួលភាគច្រើនបានចរចាលក្ខខណ្ឌជួល និងតម្លៃជួលឡើងវិញ ជាមួយនឹងម្ចាស់អគារ ពោលគឺព្យាយាមកែសម្រួលលក្ខខណ្ឌយ៉ាងណា ដើម្បីឱ្យមានភាពងាយស្រួលជាងមុន និងអាចផ្លាស់ប្ដូរបានតាមស្ថានភាពសេដ្ឋកិច្ច។ អ្នកជួលខ្លះទៀត ក៏ចាប់ផ្ដើមងាកទៅរកការជួលការិយាល័យដែលអាចបត់បែនបានខ្ពស់ ឬការិយាល័យរួមជាដើម ដែលភាគច្រើនសុទ្ធតែជាកិច្ចសន្យារយៈពេលខ្លី។
ដោយសារកាលៈទេសៈបែបនេះ ម្ចាស់អគារក៏ត្រូវតែបង្ខំចិត្តផ្ដល់យល់ព្រមនឹងការស្នើសុំរបស់អ្នកជួល ដើម្បីរក្សាអតិថិជន។ ដោយឡែក ម្ចាស់អគារដែលគ្មានអ្នកជួល ក៏ព្យាយាមបញ្ចុះតម្លៃ និងផ្ដល់ជាសេវាកម្មបន្ថែមផ្សេងៗ ដើម្បីទាក់ទាញអ្នកជួល។ កត្តានេះក៏បានធ្វើឱ្យអ្នកជួលរឹតតែមានអំណាចជាងមុន ក្នុងការទទួលបានការិយាល័យល្អ ក្នុងតម្លៃទាបជាងមុន។
បើទោះបីជាវិបត្តិកូវីដស្ងប់ស្ងាត់ ម្ចាស់អគារនឹងនៅតែបន្តរងសម្ពាធកាន់តែខ្លាំង ព្រោះការផ្គត់ផ្គង់នឹងបន្ដកើនឡើងជាច្រើន នៅ៣ឆ្នាំខាងមុខទៀត ហើយឥរិយាបទរបស់អ្នកជួលបាននិងកំពុងផ្លាស់ប្ដូរហើយដែរ។
ប៉ុន្តែ យ៉ាងណាក្ដី នៅរយៈពេលវែង ការផ្គត់ផ្គង់ និងតម្រូវការនឹងត្រឡប់មកសមតុល្យគ្នាវិញ ពិសេសនៅពេលដែលវិនិយោគិនចាប់ផ្ដើមធ្វើដំណើរដោយសេរីមកវិនិយោគនៅកម្ពុជាវិញ។
–
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -