រដ្ឋរៀបចំផែនទីបណ្ដាញផ្លូវជាតិឡើងវិញ ដើម្បីគ្រប់គ្រងនិងជួសជុលដោយមានប្រសិទ្ធភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នានាទូទាំងប្រទេស និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវបែបគ្រប់ជ្រុងជ្រោយថ្មី ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ការធ្វើបច្ចុប្បន្នភាពផ្លូវថ្នល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញ ផ្លូវថ្នល់ ឆ្នាំ២០២០។
បើយោងតាម ឯកឧត្តម លឹម ស៊ីដេនីន ការរៀបចំផែនទីបណ្ដាញថ្មីនេះ នឹងជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យងាយស្រួល និងលឿនជាងមុន ព្រោះក្រសួងមានទិន្នន័យគ្រប់គ្រាន់នៅក្នុងដៃ។
សូមជម្រាបជូនថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញឱ្យមន្រ្តីមន្ទីរខេត្តចុះត្រួតពិនិត្យជាប្រចាំ ផ្លូវខូច និងគំនូសចរាចរណ៍ តាមដងផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

