កាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ
ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។
នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេះទៅខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម)
កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។
គួរបញ្ជាក់ផងដែរថា តំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងទិសដៅទិសចរណ៍អាទិភាពដែលអនុញ្ញាតទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំង ចាប់អនុវត្តពីថ្ងៃទី៣០ ខែវិច្ឆិកា នេះតទៅ។

