ឆ្នាំ២០២២ វិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណាទើបចំណេញ?
ក្រោយតួលេខការឆ្លងនៃជំងឺកូវីដនៅកម្ពុជាបានធ្លាក់ចុះ និងមានការប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅ អ្នកវិភាគអចលនទ្រព្យជាច្រើនមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២២ ខាងមុននេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ (អានបន្ថែម)
ប៉ុន្តែសម្រាប់អ្នកវិនិយោគទូទៅ គួរពិចារណាវិនិយោគនៅកន្លែងណា និងវិនិយោគលើអ្វី?
លោក ច្រឹក សុខនីម បញ្ជាក់ថា ចំណុចសំខាន់បំផុតដើម្បីជួយឱ្យអ្នកវិនិយោគចំណេញ គឺការស្គាល់ពីខ្លួនឯង ពោលគឺការដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានច្បាស់។
លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃសមល្មម អាចពិចារណាវិនិយោគទិញដីជាយក្រុងភ្នំពេញ តាមតំបន់នានាស្របតាមផ្លូវក្រវាត់ក្រុងទី ៣ និងទី ៤។ វិនិយោគនៅទីនោះ ត្រឹមតែមួយរយៈ អ្នកនឹងទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់»។
«ដោយឡែក សម្រាប់អ្នកដែលមានសាច់ប្រាក់ក្នុងដៃខ្ពស់ អាចវិនិយោគខិតចូលមកជិតក្រុងបន្ដិច ដូចជាតំបន់ភ្នំពេញថ្មី ឬសែនសុខ ក៏នឹងទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ ប៉ុន្តែបច្ចុប្បន្នតម្លៃដីក្នុងតំបន់នោះគឺរាងថ្លៃបន្ដិច» លោកបានបន្ដ។
លោកប្រធានសមាគម បានណែនាំទៀតថា សម្រាប់អ្នកមានសាច់ប្រាក់តិចវិញ អាចពិចារណាវិនិយោគទៅតាមខេត្តសក្ដានុពលនានា ដូចជាខេត្តកំពង់ស្ពឺ ឬតាមបណ្ដាខេត្តដែលស្របនឹងផ្លូវក្រវាត់ក្រុងទី ៤។ ប៉ុន្តែការវិនិយោគនេះ នឹងត្រូវប្រើពេលយូរទើបចំណេញ ព្រោះវាជាតំបន់កំពុងអភិវឌ្ឍ ដូច្នេះត្រូវពិចារណាពីរំហូរសាច់ប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីចៀងវាងបញ្ហាកប់លុយ។
លោកបន្ដថា៖ «ប៉ុន្តែសម្រាប់អ្នកដែលគ្មានដើមទុនជាសាច់ប្រាក់ក្នុងដៃវិញ។ បើចង់វិនិយោគដោយប្រើកម្ចីធនាគារ គួរវិនិយោគលើផ្ទះ ឬខុនដូ ព្រោះវាអាចជួលបាន ដើម្បីបង្កើតចំណូលប្រចាំខែ។ ព្រោះបើខ្ចីលុយធនាគារទៅវិនិយោគដី អាចនឹងកប់លុយ ហើយវ័ណ្ដកនឹងការប្រាក់»។
ដោយឡែក សម្រាប់ខុនដូ និងលំនៅឋានវិញ ភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងកំពុងតែពេញនិយម។
- Video Advertisement -