ការបើកឱ្យអ្នកដំណើរចូលដោយមិនធ្វើចត្តាឡីស័ក ជះឥទ្ធិពលដូចម្ដេចលើទីផ្សារអចលនទ្រព្យ?
អ្នកជំនាញអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាលទាក់ទិននឹងការលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ដោយលើកឡើងថា វាជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ ប៉ុន្តែសន្ទុះនៃទីផ្សារគឺនៅតែមានកម្រិត ព្រោះវិនិយោគិនត្រូវការពេលដើម្បីត្រឡប់មកវិញ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចពេញលេញដែលចូលមកប្រទេសកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា គោលនយោបាយថ្មីនេះ នឹងជួយជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានមួយកម្រិតធំ ប៉ុន្តែសន្ទុះនៅមិនទាន់ខ្លាំងទេ នៅក្នុងដំណាក់កាលដំបូង។
លោក James បានលើកឡើងថា៖ «ការបើកឱ្យចូលដោយមិនធ្វើចត្តាឡីស័ករបស់ប្រទេសកម្ពុជាគឺល្អ ប៉ុន្តែបើប្រទេសដៃគូនៅតែមានលក្ខខណ្ឌចត្តាឡីស័ក ចំនួនវិនិយោគិនចូលមកកម្ពុជាគឺនឹងមានតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែងដូចជា ទីផ្សារវិនិយោគិនសំខាន់ៗជាច្រើន ដូចជាសិង្ហបុរី ហុងកុង និងចិន នៅតែតម្រូវឱ្យអ្នកដំណើរពេលដែលត្រឡប់ពីកម្ពុជាធ្វើចត្តាឡីស័ក។ កត្តានេះហើយ ដែលធ្វើឱ្យចំនួនវិនិយោគិនចូលមកកម្ពុជា នៅមិនទាន់ស្ទុះខ្លាំង»។
«ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះជាជំហានវិជ្ជមានដែលត្រូវទិសដៅមួយ ព្រោះវានឹងជួយកសាងទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។ គោលនយោបាយនេះទៀតសោត គឺជាសូចនាករសំខាន់ដែលបង្ហាញថា វិបត្តិកូវីដកំពុងតែបញ្ចប់ ហើយអ្វីៗនឹងត្រឡប់មិនធម្មតាវិញឆាប់ៗ» លោកបានបន្ត។
ដូចគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏បានលើកឡើងដែរថា ការលុបចោល និងការកាត់បន្ថយចត្តាឡីស័កនេះ គឺជាជំហានដំបូងឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ។
«ជាមួយនឹងគោលការណ៍ថ្មីនេះ វិនិយោគិននឹងចាប់ផ្តើមពិចារណាការត្រឡប់មកកម្ពុជាវិញ ខណៈដែលពួកគេមិនចាំបាច់ខ្ជះខ្ជាយពេលវេលា១៤ ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កទៀតទេ។ ចំណុចនេះនឹងជំរុញវិស័យអចលនទ្រព្យងើបឡើងវិញបន្តិចម្តងៗ។ ប៉ុន្តែ ខ្ញុំគិតថា ទីផ្សារនឹងឡើងខ្ពស់ខ្លាំងបន្ទាប់ពីចូលឆ្នាំចិន» លោក សុខនីម បាន ពន្យល់។
- Video Advertisement -