តើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?
ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅជាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងឯកជន។ ប៉ុន្តែតើក្នុងពេលបច្ចុប្បន្ននេះ ទីតាំងមួយណាដែលពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី និងខុនដូរនៅក្នុងរាជធានីភ្នំពេញ?
លោក សុខ គឹមអេង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យសុវណ្ណាភូមិ Sovannaphum បានលើកឡើងថា ប្រសិនបើអ្នកចង់សាងសង់គម្រោងបុរីក្នុងរាជធានីភ្នំពេញ ទីតាំងនៅជុំវិញ និងតាមបណ្ដោយមហាវិថី ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងខណ្ឌមានជ័យគឺជាទីតាំងល្អបំផុត ព្រោះវាជាតំបន់កំពុងរីកចម្រើនខ្លាំងដែលមានប្រជាជនរស់នៅច្រើន រួមជាមួយនឹងការកើនឡើងនៃសកម្មភាពអភិវឌ្ឍលំនៅឋាន និងគម្រោងអគារពាណិជ្ជកម្ម។
តំបន់ផ្លូវ៦០ម៉ែត្រនេះមានលក្ខណៈអំណោយផលដល់ការរស់នៅ ដោយសារតែវត្តមាននៃផ្សារទំនើបអ៊ីអន៣ AEON Mall 3 របស់ក្រុមហ៊ុនជប៉ុន និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។
លោក គឹមអេង បានបន្តថា៖ «ក្រៅពីនេះ ខណ្ឌសែនសុខក៏ជាតំបន់សក្តានុពលកំពុងពេញនិយមផងដែរសម្រាប់ការអភិវឌ្ឍន៍បុរី ដោយសារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមានភាពល្អប្រសើរច្រើន ហើយតម្លៃដីនៅទាបនៅឡើយ បើធៀបនឹងខណ្ឌទួលគោកដែលនៅជាប់គ្នា ហើយបច្ចុប្បន្នទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ពាណិជ្ជកម្ម (CBD) នៃរាជធានីភ្នំពេញ។»
យោងតាមរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank Cambodia ទោះវិស័យអចលនទ្រព្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបិត្តកូវីដ១៩ក្ដី សកម្មភាពទិញលក់លំនៅឋាន និងដីធ្លីនៅតែមានភាពវិជ្ជមាន ជាមួយនឹងការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីៗចំនួន១២ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆមាសទី២ ឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ រាជធានីភ្នំពេញមានការផ្គត់ផ្គង់លំនៅឋានសរុបជិត ៦៤ ០០០ យូនីត។ គម្រោងលំនៅឋានច្រើនជាងគេ គឺស្ថិតក្នុងខណ្ឌសែនសុខដែលមានចំណែកទីផ្សារ២៣% ឫ ១៤ ៦៩០យូនីត បន្ទាប់មកខណ្ឌដង្កោ១៧% ឫស្សីកែវ១២% និងខណ្ឌមានជ័យ១១%។
ដោយឡែក សម្រាប់ការអភិវឌ្ឍខុនដូវិញ ទីតាំងដែលទាក់ទាញបំផុតមិនស្ថិតនៅជាយក្រុងភ្នំពេញទេ ពោលគឺស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) នៃរាជធានីភ្នំពេញ។ លោក គឹម អេង បានបន្តទៀតថា តំបន់បឹងកេងកងទី១ និងតំបន់កោះពេជ្រនៅតែជាតំបន់ពេញនិយមបំផុតសម្រាប់គម្រោងខុនដូ។ លោកបន្ដថា ប្រសិនបើអ្នកមានដី និងមានបំណងចង់សាងសង់ខុនដូនៅទីនោះ ឱកាសនៃភាពជោគជ័យនៅតែខ្ពស់សម្រាប់ការវិនិយោគរយៈពេលវែង។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃវិបិត្តកូវីដ១៩ មកលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា គម្រោងខុនដូលើសពាក់កណ្ដាលនៅទីក្រុងភ្នំពេញត្រូវបានពន្យារពេលសាងសង់រហូតដល់ឆ្នាំក្រោយ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ មានតែគម្រោងធំៗចំនួន ២ ប៉ុណ្ណោះគឺ The Peak ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង The Gateway ក្នុងខណ្ឌទួលគោក ដែលបានបញ្ចប់ការសាងសង់តាមពេលកំណត់ក្នុងត្រីមាសទី៣ឆ្នាំនេះ។
របាយការណ៍នេះបានបង្ហាញថា គម្រោងចំនួន៤ផ្សេងទៀតត្រូវបានពន្យារពេលសាងសង់ ដោយសារតែផលប៉ះពាល់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ កង្វះកម្លាំងពលកម្ម និងបញ្ហាលំហូរសាច់ប្រាក់ ដោយសារអត្រាលក់មានភាពយឺតយ៉ាវខុសពីការរំពឹងទុក។
អត្ថបទសរសរដោយ៖ គេហទំព័រ Harbor Property
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនង Harbor Property តាមរយៈ 096 7876 902 (Telegram)/ 066 886633
- Video Advertisement -