សម្ដេច៖ កោះកុង កំពត កែប និងខេត្តតាមដងទន្លេចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹក និងលូស្ដង់ដា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាគ្រោងនឹងកសាង ប្រព័ន្ធលូស្ដង់ដា និងរោងចក្រចម្រោះទឹកកខ្វក់បន្ថែមទៀត នៅតាមច្រើនកន្លែង នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងដងទន្លេនានា ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាប្រទេសស្រលាញ់បរិស្ថាន និងមាននិរន្តរភាព។
សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូនេះ។
សម្តេច មានប្រសាសន៍ថា៖ «ទីក្រុងទំនើប មិនមែនមានតែផ្លូវស្អាត និងអគារខ្ពស់ៗនោះទេ ចាំបាច់ត្រូវមានប្រព័ន្ធការពារទឹកកខ្វក់ផងដែរ»។
«ហេតុនេះ ទៅថ្ងៃខាងមុខ កម្ពុជាគ្រោងកសាងរោងចក្រ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀត នៅខេត្តជាប់មាត់សមុទ្រ ដូចជា កោះកុង កំពត កែប ខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលបំណងដើម្បីការពារបរិស្ថានទឹក មុននឹងបញ្ចេញទឹកកខ្វក់ចោលទៅក្នុងសមុទ្រ និងទន្លេជាដើម» សម្ដេចបានបន្ដ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងសាងសង់ មានស្ថានីយប្រព្រឹត្តកម្មដល់ទៅ ៣ កន្លែង ដែលសុទ្ធសឹងតែប្រើបចេ្ចកវិទ្យាទំនើបចុងក្រោយ MABR ដែលអាចចម្រោះទឹកបានស្អាត គ្មានក្លិន និងគ្មានជាតិពុលដល់បរិស្ថាន។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៥ ២00 ម៉ែត្រគូប/ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ក្នុងសង្កាត់លេខ៣។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៧ ២00 ម៉ែត្រគូប/ ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ក្នុងសង្កាត់លេខ៣។
ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បច្ចុប្បន្នកំពុងសាងសង់ គឺមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ២០ ០០០ម៉ែត្រគូប/ថ្ងៃ។
សម្តេច ហ៊ុន សែន ក៏បញ្ជាក់ថា បើរួមទឹកដែលចម្រោះហើយរបស់ស្ថានីយទាំង៣ គឺបានដល់ទៅជាង ៣ម៉ឺនម៉ែត្រគូប/ថ្ងៃ ហើយដោយសារទឹកនេះគឺស្អាតគ្មានជាតិពុល ប្រជាពលរដ្ឋអាចមកយកទឹកនេះទៅប្រើប្រាស់ដើម្បី ចិញ្ចឹមត្រី ឬស្រោចដំណាំ បានដោយឥតគិតថ្លៃ៕
- Video Advertisement -