រដ្ឋប្ដូរមុខងារតំបន់បឹងកាដេរទំហំជាង ១៦០០ ហិកតា នៅត្បូងឃ្មុំ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្ដូរមុខងារដីទំហំ ១៦៤៣ហិកតា នៃតំបន់បឹងកាដេរ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឱ្យទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីគ្រប់គ្រង និងប្រើប្រាស់ឱ្យមានភាពឆ្លាតវៃ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។

ការដាក់តំបន់នេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ធ្វើឡើងក្នុងគោលបំណងដើម្បី – ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌ – ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និង– រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ជាដើម។

យោងតាមអនុក្រឹត្យដដែល តំបន់នេះនឹងត្រូវដាក់នៅក្រោមការគ្រប់គ្រងរបស់ ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសហគមន៍ ដើម្បីធានាថាការងារធ្វើទៅប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន។

បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។ (អានបន្ថែម)

- Video Advertisement -