ក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២

នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖

-ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២

-ជំរុញការចុះបញ្ជីដីសម្បទាន ដីសេដ្ឋកិច្ចចំនួន ៥៧ ក្រុមហ៊ុន និងដីរដ្ឋជុំវិញបឹងទន្លេសាប

-ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ក្នុងមួយឆ្នាំ

-ជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ មុនចាប់ផ្ដើមលក់

-បែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ ៥០០គ្រួសារ ក្នុងមួយឆ្នាំ និងជូនកងកម្លាំងប្រដាប់អាវុធតាមព្រំដែនចំនួន ៥០០ខ្នង ក្នុងមួយឆ្នាំ

-បន្ដស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ គិតមកដល់បច្ចុប្បន្ន ក្រសួងទទួលពាក្យបណ្តឹងសរុប ចំនួន ១៣ ៩៨៤ ករណី បានដោះស្រាយចប់ ១០ ៨៥៥ ករណី និងកំពុងដោះស្រាយ ៣ ២០៣ ករណី។

-ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ក្រសួងនឹងអនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ទៅក្នុងបណ្ណកម្មសិទ្ធិ

-អនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) សម្រាប់ការគ្រប់គ្រងដីដោយ JICA

-ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុនផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ចំពោះសំណង់រដ្ឋ ត្រូវមានការត្រួតពិនិត្ យនិងបញ្ជាក់សំណង់ដោយក្រុមការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ក្រសួង និងចំពោះសំណង់ឯកជន ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួង

-បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិសំណង់

-ខិតខំការពារសំណង់អគារបេតិកភណ្ឌ

- Video Advertisement -