អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប
អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល បាត់ដំបង និងបន្ទាយមានជ័យ។
ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។
បន្ទាប់មកក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ (អានបន្ថែម)
បើតាមអគ្គនាយកដ្ឋានពន្ធដារ ការចុះអង្កេតអចលនទ្រព្យនេះគឺមានអត្ថប្រយោជន៍ដូចជា ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំ ឆ្នាំឱ្យសមស្រប ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និងផ្តល់ភាពងាយ ស្រួលដល់ការគ្រប់គ្រង និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ៕

