សួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា
សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។
នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងចាត់ទុកថានេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ក៏ជំរុញក្រុមជំនាញឱ្យឆាប់បញ្ចប់ការងារសាងសង់ឱ្យទាន់ផែនការ ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានដោយជោគជ័យ។
គួរបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនសត្វនេះ វិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ក្នុងទំហំទឹកប្រាក់ប្រមាណជា ១៨លានដុល្លារ។ បច្ចុប្បន្ន សាងសង់សម្រេចបានប្រមាណ៧០%ហើយ ខណៈដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។
សួនសត្វនេះ មានហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ មានសត្វព្រៃធំៗច្រើនប្រភេទដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប ត្រីទឹកប្រៃ និងមានប្រភេទត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វនេះ មានសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃថែមទៀតផង។
គម្រោងសាងសង់សួនសត្វនេះ ត្រូវបានប្រកាស តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ មានឈ្មោះថា ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom) ដោយគ្រោងនឹងសាងសង់នៅលើផ្ទៃដី ១០០ហិកតា ក្រោមទុនវិនិយោគ ៧០លានដុល្លារ ចែកចេញជាបីដំណាក់កាល។ (អានបន្ថែម)

