តើវិស័យភស្តុភាកម្មកម្ពុជានឹងទទួលបានប្រយោជន៍អ្វីពីផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ?
សមាគមភស្តុភាកម្មកម្ពុជា (CLA) សមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិថៃ (TIFFA) និងសមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិឡាវ (LIFFA) កំពុងពិភាក្សាគ្នាលើថ្លៃដឹកជញ្ជូនទំនិញតាមមធ្យោបាយថ្មីដោយប្រើប្រាស់រថភ្លើងពីប្រទេសចិន ចូលឡាវ ហើយបន្តចូលថៃ រួចឆ្លងចូលមកកម្ពុជា។ នេះបើតាមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅថ្ងៃទី២១ ដល់២៣ ខែមិថុនា ឆ្នាំ២០២២ នៅ Thanaleng Dry Port ប្រទេសឡាវ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីចិនចូលឡាវនេះ គឺត្រូវចំណាយពេលត្រឹមតែ ៨ ទៅ ១០ម៉ោងប៉ុណ្ណោះ ហើយបើបូករួមទាំងរយៈពេលបំពេញបែបបទគយ និងលើកដាក់ទំនិញឆ្លងកាត់ យើងត្រូវប្រើរយៈពេលសរុបប្រហែល ៧២ម៉ោង ដែលអាចចំណេញពេលច្រើនជាងមុនទ្វេរដង។
លោកឧកញ៉ា បានបន្តថា ចំពោះតម្លៃវិញ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ គឺប្រសើរជាងមធ្យោបាយផ្សេងៗច្រើនណាស់ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ត្រូវមានកុងតានឺរផ្ទាល់ខ្លួន និងត្រូវរកភ្នាក់ងារសម្រាប់បំពេញបែបបទគយនៅប្រទេសឡាវ ដើម្បីការដឹកជញ្ជូនរិតតែប្រសើរនិងរលូនជាងមុន។
លោកឧកញ៉ា ក៏បានបន្ថែមថា ការដឹកជញ្ជូនតាមមធ្យោបាយថ្មីនេះ តម្រូវអោយមានការកក់ទូរ (៥០០០ដុល្លារ)សម្រាប់ (Dry Container) ហើយសម្រាប់ទូរត្រជាក់ (Refer Container) តម្រូវអោយកក់ទូរតំលៃ (២០,០០០ដុល្លារ) សម្រាប់រយៈពេល ១៤ថ្ងៃ។
គួរបញ្ជាក់ថា ចំពោះទំនិញពីចិនមកកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ ២ដងដោយ៖
- ទី១ (Clearance#1) គឺតម្រូវអោយធ្វើបែបបទ(Clearance) នៅព្រំប្រទល់ចិន និងឡាវ (វូនហាន-វូតាន់) ដោយការធ្វើបែបបទបញ្ចេញទំនិញផ្ទាល់នៅផែស្ងួត (Thanaleng) នៅក្នុងប្រទេសឡាវ។
- ទី២ (Clearance#2) នឹងធ្វើនៅព្រំប្រទល់ឡាវ និងថៃ (ណងខៃ) រួចបន្តដឹកជញ្ជូនមកកាន់ទល់ដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អរញ្ញបថេត)។
ដោយឡែកនៅកម្ពុជា ការដឹកជញ្ជូនទំនិញពីព្រំដែនថៃ អាចធ្វើតាមរយៈឡានកុងតែនឺរ ឬខ្សែរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកនេះ ទៅជាផ្លូវដែកល្បឿនលឿន ដោយដាក់ផែនការថានឹងបញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខ។ (អានបន្ថែម)
- Video Advertisement -