អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ

អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយ​ដ្ឋាន​​វប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន​។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២២​។

ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះ​កំណត់យក​ចំណី​បឹងជុំវិញ​តំបន់​ប្រវត្តិសាស្រ្តនេះ ដោយកំណត់ និងបោះបង្គោលព្រំប្រទល់​បឹងប្រាក់ឲ្យបានច្បាស់លាស់​ សម្រាប់ធ្វើការអភិរក្ស និងទប់ស្កាត់​កុំឱ្យមានការ​ទន្ទ្រាន​កាន់កាប់ដោយខុសច្បាប់បន្តទៀត។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយ​ក្លាយ​​ជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងមកសិក្សាពីតំបន់​ប្រវត្តិ​សាស្ត្រ​​នាសម័យហ្លួងព្រះស្ដេចកន។

ក្នុងឱកាសនេះផងដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូន​ឈើ​ ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់ម៉ឺនក្បាល​ចូលក្នុងបឹងប្រាក់ ដើម្បីជាការចូលរួមថែរក្សា​ការពារអភិរក្ស​ធនធាន​ធម្មជាតិ។​

- Video Advertisement -