កម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ
កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។
Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។
សម្រាប់កម្មវិធី Cambodia My Second Home មានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ សមាជិកភាពសម្រាប់ប្តីប្រពន្ធ សាច់ញាតិជិតស្និទ្ធ និងឱកាសដាក់ពាក្យសុំធ្វើលិខិតឆ្លងដែននៅកម្ពុជាក្រោយរយៈពេល ៥ឆ្នាំ និងទទួលបានសិទ្ធិពីអាស៊ាន។
គុណវុឌ្ឍិចូលរួមគឺជាការវិនិយោគយ៉ាងហោចណាស់ ១០០ ០០០ដុល្លារអាមេរិក និងភាពជាម្ចាស់នៃ “គម្រោង” អចលនទ្រព្យដែលមានន័យថាទម្រង់មួយចំនួននៃកិច្ចព្រមព្រៀងអចលនទ្រព្យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានបញ្ជាក់ថា កម្មវិធីនេះគឺសម្រាប់ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនកម្ពុជា ឬក្រៅប្រទេស ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិវិញគឺស្ថិតក្នុងការពិចារណា ដរាបណាពួកគេធ្វើការវិនិយោគតាមចំនួនអប្បបរមា។
បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថាជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគរបស់ចិនបានប្រែក្លាយរាជធានីភ្នំពេញជាមួយនឹងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងផ្លូវក្រវាត់ក្រុង។
មួយវិញទៀត រដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) កំពុងសិក្សា និងពិចារណាដើម្បីផ្តល់មូលនិធិសង់ផ្លូវរថភ្លើងក្រោមដី ឬលើអាកាសក្នុងរដ្ឋធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់។ កង្វះមធ្យោបាយដឹកជញ្ជូនសាធារណៈបច្ចុប្បន្នជាបញ្ហាចម្បងមួយក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)

