រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច
ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖
១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។
២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។
៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។
គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។

