អាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត

អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញ​ភ្ញៀវ​ទេស​​ចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់​ភ្ញៀវទេស​ចរ​នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏​សម្បូរ​​បែប​ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ។

ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែល​មាន​ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ ដោយឡែក ការស្ថាបនាសួនកម្សាន្តដ៏ប្រណីតមួយទៀត គឺនៅ​ជាប់​ព្រែក​កំពតដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា «គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយ​ថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្ត​កំពុង​សិក្សា​ពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វ​ង់មូល​បាញ់​ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពាន​សម្រាប់​ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ»។

បច្ចុប្បន្ននេះ ក្រុមការងារ កំពុងតែចាក់ខ្សាច់បំពេញជាបណ្តើរៗ ធ្វើយ៉ាងណាឱ្យការកសាង បន្ទាប់ពីរៀប​ចំ​សម្អាត​មាត់ព្រែក និងការរុះរើសំណង់លើដីចំណីព្រែករួចរាល់។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ជា សុផារ៉ា ក៏ធ្លាប់បាន​ណែនាំដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤​  រួមមាន​ ខេត្ត​ព្រះ​សីហ​នុ​ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់​​សំណង់​​ផ្សេងៗ។ (អានបន្ថែម)

- Video Advertisement -