ផ្លូវជនបទចំនួន ៥៥ខ្សែក្នុងខេត្តបន្ទាយមានជ័យរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់
ផ្លូវជនបទចំនួន ៥៥ខ្សែ មានប្រវែង ៥៨២.២៣៦ម៉ែត្រ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារគ្រោះទឹកជំនន់។ នេះបើតាមការបញ្ជាក់របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិចបានបណ្តាលឱ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន ៥៥ខ្សែ ប្រវែង៥៨២.២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង ១៥១.៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង ៣០.៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង ១២៧.៤២០ម៉ែត្រ និងលូមូល ៣កន្លែង។
លោកបានបន្ថែមថា ផ្លូវទាំង៥៥ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅចំនួន ៨ខ្សែ ស្រុកព្រះនេត្រព្រះចំនួន ១៧ខ្សែ ស្រុកមង្គលបូរីចំនួន ៩ខ្សែ ស្រុកភ្នំស្រុកចំនួន ៣ខ្សែ ស្រុកស្វាយចេកចំនួន ៣ខ្សែស្រុកថ្មពួកចំនួន ៦ខ្សែ ស្រុកម៉ាឡៃចំនួន ២ខ្សែ ក្រុងប៉ោយប៉ែតចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណចំនួន ៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។
ជាមួយគ្នានេះផងដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងក្រុមការងារធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រកក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

