វៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ
រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះដែរ ភាគីវៀតណាម ក៏បានស្នើបន្ថែមមកកម្ពុជាមានដូចជា៖
- ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿង ទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ
- ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ
- ជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ
- ជំរុញឱ្យមានការតភ្ជាប់វិស័យគមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។
ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបថា «ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចរាល់ហើយ គ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ»។ (អានបន្ថែម)
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់ក្តីសង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។
ដោយឡែក ចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលខាងមុខ។
- Video Advertisement -