អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត វិស័យកើនខ្លាំងជាងគេគឺ…
បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស័យអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន ដោយរំពឹងថានឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំ ខាងមុខ។ នេះ បើយោងតាម អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។
អ្នកស្រី បានពន្យល់យ៉ាងដូច្នេះថា មូលហេតុនៃកំណើនវិស័យអចលនទ្រព្យ គឺដោយសារតែ ទី ១ សេដ្ឋកិច្ចកម្ពុជា នៅមានកំណើនក្នុងរង្វង់ ៥ ទៅ ១០% ដែលជាតួលេខល្អ ដូច្នេះវិស័យអចលនទ្រព្យក៏នឹងកើនតាមផងដែរ។
«លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធបានពង្រីកយ៉ាងគំហុក ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដែលជាការធ្វើឱ្យវស័យដីធ្លីមានសក្ដាពុលខ្លាំងជាងគេ ក្នុងចំណោមទីផ្សារអចលនទ្រព្យទាំងអស់ ពិសេសនៅជាយក្រុងភ្នំពេញ» អ្នកស្រីបានបកស្រាយ។
«វិស័យដែលនឹងស្ទុះងើបខ្លាំងបន្ទាប់គឺវិស័យឧស្សាហកម្ម។ វិនិយោគិនចាប់អារម្មណ៍ប្រទេសខ្មែរខ្លាំង។ គាត់ចាប់ផ្ដើមធ្វើពិពិធកម្មអាជីវកម្ម ដោយប្ដូររោងចក្រពីប្រទេសចិន មកកាន់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា និងវៀតណាមជាដើម» អ្នកស្រី បន្ថែម។
កម្ពុជាគឺជាទិសដៅល្អ ព្រោះតម្លៃដីនៅសមរម្យ និងតម្លៃពលកម្មទាប។ ទោះកត្តាតម្លៃទឹកភ្លើង និងដឹកជញ្ជូននៅខ្ពស់ក្ដី កម្ពុជាក៏កំពុងតែអភិវឌ្ឍលើផ្នែកនេះ។
“ចំពោះទីផ្សារលំនៅឋានក៏នៅមានឱកាសច្រើនដើម្បីរីកចម្រើនដែរ ក្នុងនោះរួមមាន បូរី ខុនដូ និងអាផាមិនជាដើម” អ្នកស្រីបន្ត
បើយោងតាមអ្នកស្រី ធីតា កសិកម្មក៏ជាវិស័យធំមួយទៀត ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ទោះមិនមានឥទ្ធិពលដោយផ្ទាល់ដល់វិស័យអចលនទ្រព្យក្ដី តែនឹងជះឥទ្ធិពលដោយប្រយោលបានរយៈកំណើនចំណូលប្រជាជន ដែលធ្វើឱ្យពួកគេចង់ចាយវាយទិញផ្ទះ ឬអចលនទ្រព្យផ្សេងៗ ច្រើនជាងមុន។
«ប៉ុន្តែវិស័យកសិកម្មវិញ គឺត្រូវការជំនួយពីរដ្ឋាភិបាល និងការបង្កើតបច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរឹងមាំ»។
ដោយឡែក សម្រាប់វិស័យការិយាល័យវិញ តម្លៃជួលនៅមានស្ថេរភាព ខណៈគុណភាពនៃអគារពាណិជ្ជកម្មក៏មានភាពល្អប្រសើរផងដែរ។ ការផ្គត់ផ្គង់ក៏នៅមានកម្រិត ដូច្នេះតម្លៃនឹងកើនឡើងឆាប់ៗ និងស្ដារមកវិញនៅក្នុងពេល១ ឆ្នាំទៀត។
«ជាចុងក្រោយ វិស័យទេសចរណ៍កម្ពុជា ក៏ងើបឡើងវិញជាបន្ដបន្ទាប់ ដែលក៏ជាផលល្អដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ យោងតាមក្រសួងទេសចរណ៍ បច្ចុប្បន្នចំនួនភ្ញៀវទេសចរ កើនដល់ពាក់កណ្ដាលនៃ ចំនួនមុនកូវីដហើយ ដោយរំពឹងនឹងកើនដល់ ៦ លាននាក់ នៅ ៣ ឆ្នាំ ទៀត»។
«យ៉ាងណាមិញ វិស័យដែលអាចនឹងមានសម្ពាធខ្លាំង គឺវិស័យផ្សារទំនើប ព្រោះការផ្គត់ផ្គង់មានច្រើន ខណៈសមត្ថភាពចាយវាយរបស់ប្រជាជនក្នុងស្រុកនៅមានកំណត់»។
- Video Advertisement -