ក្រសួង នឹងដាក់ឱ្យប្រើប្រប្រព័ន្ធ DIP ដើម្បីគ្រប់គ្រងចំណូលផ្លូវល្បឿនលឿន នៅថ្ងៃ០៩ វិច្ឆិកានេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ DIP ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ ដើម្បីងាយស្រួលគ្រប់គ្រងលើចំណូលចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ កាលថ្ងៃទី០២ ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ គ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ។
ឯកឧត្តមថា «ប្រព័ន្ធនេះ ដាក់ឱ្យប្រើប្រាស់ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ»។
គួរបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ ក្រោមការរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានតម្លាភាព ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើរឡើង។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានបើកឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើររយៈពេល១ខែ គឺចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ។ រយៈពេលមួយខែ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺមាន យានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង បានឱ្យធ្វើចរាចរណ៍លើផ្លូវនេះ។
ដោយឡែក ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅហើយ។ ប៉ុន្តែ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ផងដែរ៕

