រោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង
ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែលស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០មេហ្គាវ៉ាត់ (MW) ដែលផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០មេហ្គាវ៉ាត់ (MW) ជាលើកដំបូង បន្តភ្ជាប់ចូលទៅក្នុងបណ្តាញជាតិ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ លោក Masatsugu Asakawa ប្រធានធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា «ការផលិតថាមពលសូឡា នឹងជាភាពចាំបាច់ក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកការតភ្ជាប់ថាមពលអគ្គិសនីមានតម្លៃសមរម្យ ខណៈដែលកំពុងផ្លាស់ប្តូរទៅជាថាមពលស្អាតផងដែរនោះ»។
គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ បានបង្ហាញឱ្យឃើញពីឱកាសក្នុងការផលិតថាមពលដោយពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ ដែលមានតម្លៃសមរម្យ តាមរយៈប្រភពធនធានពីវិស័យរដ្ឋ និងឯកជន។
ស្ថិតក្រោមគម្រោងនេះផងដែរ រោងចក្រផលិតថាមពលនេះ ត្រូវបានដាក់ឱ្យដេញថ្លៃជាអន្តរជាតិដល់វិស័យឯកជនជាពីរដំណាក់កាលគឺដំណាក់កាល ៦០មេហ្គាវ៉ាត់ (MW) និង៤០មេហ្គាវ៉ាត់ (MW)។
ប្រភពដដែលបានបន្ថែមថា ក្នុងការដេញថ្លៃលើកទី១ មានទំហំ ៦០មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ២០១៩ គឺបានទៅក្រុមហ៊ុន Prime Road Alternative ដែលទទួលបានតម្លៃទាបបំផុតចំនួន ០.០៣៩ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍។
ចំណែកឯការដេញថ្លៃលើកទី ២ មានទំហំ ៤០មេហ្គាវ៉ាត់(MW) វិញ គឺបានទៅក្រុមហ៊ុន Trina Solar Co. Ltd ដែលទទួលបានតម្លៃ០.០២៦ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង។
ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ក្នុងដំណើរទស្សនៈកិច្ចនោះថា «ធនគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូអភិវឌ្ឍន៍មុនគេមួយក្នុងចំណោមដៃគូដទៃទៀត ដែលបានជួយកម្ពុជាក្នុងការតភ្ជាប់បណ្តាញអគ្គិសនីចូលលំនៅដ្ឋានចាប់ពី ១៧% ក្នុងឆ្នាំ២០១៨ ដល់ជិត ៩០% ក្នុងឆ្នាំ២០២១ ព្រមទាំងជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសផងដែរ»។
ជាមួយនឹងការជួយជ្រោមជ្រែងពី ADB ដែលរួមមាន ក្រុមជំនាញពាក់ព័ន្ធដែលធ្វើការជាអាណត្តិជាមួយ EDC ដើម្បីជួយបង្កើតថាមពលសូឡាទំហំ ២ជីហ្គាវ៉ាត់ (GW) [១ជីហ្គាវ៉ាត់ = ១ពាន់លានវ៉ាត់] កម្ពុជាក៏គ្រោងនឹងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ថាមពលស្អាត និងប្រកបចីរភាពថែមទៀតផង។
តាមរយៈផែនការមេអភិវឌ្ឍន៍ថាមពល (២០២១-២០៤០) និងដោយមានជំនួយបច្ចេកទេសពី ADB កម្ពុជារំពឹងទុកថានឹងមានការរួមចំណែកនៃថាមពលផលិតដោយពន្លឺព្រះអាទិត្យរហូតដល់ទៅ ១០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និង ៣០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៤០។
គួរបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជារួមដៃជាមួយនឹង ADB បានបង្កើតថាមពលសូឡា ដែលបានរួមចំណែក ១០% ក្នុងបណ្តាញចរន្តអគ្គិសនីសរុបទាំងអស់របស់ជាតិ។
- Video Advertisement -