រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បីអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
នេះបើតាមសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ឬ ហៅកាត់ថា “SOP for PPP Projects” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងសិក្ខាសាលានេះថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវគម្រោងជាអាទិភាព តាមរយៈវិធីសាស្ត្រស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ថាតើគម្រោងនោះអាចធ្វើលទ្ធកម្មសម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។
តាមរយៈបទបង្ហាញរបស់លោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ចែកជា ០២ដំណាក់កាល រួមមាន៖
ក. ដំណាក់កាលទី១៖
- គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ
- គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម
- គម្រោងដែលទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ
- ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី ការផ្លាស់ទីលំនៅ បញ្ហាសង្គម និងបញ្ហាបរិស្ថាន
- គម្រោងដែលអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូចជាគម្រោងដែលបានធ្វើលទ្ធកម្មពី មុន ដោយប្រើប្រាស់ហិរញ្ញប្បទាន និងអ្នកជំនាញរបស់វិស័យឯកជនទាំងជាតិ និងអន្តរជាតិ
- គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលស្នើឡើងដោយវិស័យឯកជន ដែលមិនទាមទារជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាល ក្នុងទម្រង់ជាការធានា ឧបត្ថម្ភធន ប្រាក់ជំនួយ ឬជំនួយផ្នែកហិរញ្ញវត្ថុប្រភេទផ្សេងទៀត។
ខ. ដំណាក់កាលទី២៖
- គម្រោងមានតម្រូវការផ្នែកទីផ្សារ
- គម្រោងដែលមានយន្តការទូទាត់/ ប្រមូលចំណូលមានភាពស្ថិតស្ថេរ អាចប៉ាន់ស្មានដឹង ព្រមជាមួយនឹងការទាក់ទាញនូវហិរញ្ញវត្ថុ
- គម្រោងមានតម្លៃដល់សង្គម និងសេដ្ឋកិច្ច
- មានគោលការណ៍សមរម្យក្នុងការទទួលបន្ទុកហានិភ័យរបស់គម្រោង
- ទ្រព្យសកម្មសរុបរបស់គម្រោងដែលអាចគ្រប់គ្រងបាន
- គម្រោងអាចអនុវត្តបានស្របតាមច្បាប់ និងលិខិតបទគតិយុត្តពាក់ព័ន្ធ
នៅក្នុងដំណាក់កាលទី២ នេះ លក្ខណៈវិនិច្ឆ័យទាំង ៦នេះ ត្រូវបានវិនិច្ឆ័យមួយកម្រិតទៀត និងផ្តល់ជាពិន្ទុខុសគ្នាៗទៅតាមប្រភេទគម្រោងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា វិធីសាស្ត្រក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានលម្អិតក្នុងឧបសម្ព័ន្ធរបស់អនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យប្រើនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
- Video Advertisement -