សម្តេចតេជោឱ្យអនុសាសន៍មួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន។ នេះបើតាមសុន្ទរកថារបស់សម្តេច ដែលបានថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២។
អនុសាសន៍នេះ សំដៅដល់ការចូលរួមសម្រាប់ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
សម្តេចតេជោ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
- ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព
- ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និងភាពធន់
- ការកសាងទីក្រុង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង
- រដ្ឋបាលក្រុងទាំងអស់ ត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ក្នុងប្រទេស និងតំបន់
- រដ្ឋបាលក្រុងទាំងអស់ ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថល ក៏ដូចជាធានាសុខសន្តិសុខ ស្ថិរភាព និងសោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គិសនី និងសំណល់ប្រកបដោយប្រសិទ្ធិភាព។
ក្នុងកិច្ចប្រជុំអភិបាលក្រុងអាស៊ានេះផងដែរ សម្តេចតេជោ ក៏បានស្នើឱ្យរដ្ឋបាលមូលដ្ឋាន អាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
- Video Advertisement -