គម្រោងសង់ព្រលានសៀមរាបថ្មីនឹងបញ្ចប់ខែមីនា ២០២៣ ខណៈស្ថាប័ន៣រួមគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនDigital
សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) រួមសហការជាមួយក្រុមហ៊ុន Nippon Koei Co., Ltd (NK) នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Studio Co., Ltd. (HAYSTACK) នៃប្រទេសកាណាដា បង្កើតកម្មវិធី (Application) ដឹកជញ្ជូនអ្នកដំណើរ ខណៈព្រលានយន្តហោះអន្តរជាតិ សៀម រាបថ្មី គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថាប័នទាំង ៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិបញ្ជាក់សេវាដឹកជញ្ជូនតាមប្រព័ន្ធDigital “Mobility as a Service (MaaS)។
គម្រោងបង្កើត App នេះ ស្របពេលដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ។ ចំណែក ការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ នេះបើតាមលោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd ។
លោក គីម ផល្លី ប្រធានសមាគម TTA បានថ្លែងថា ការបង្កើត MaaS Project ជាផ្នែកមួយបានជួយសម្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមានភាពងាយស្រួលក្នុងការបញ្ជាក់សេវាដឹកជញ្ជួនក្នុងវិស័យទេសចរណ៍ឱ្យមានភាពប្រសើរឡើង ក៍ដូចការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ស្របទៅតាមនិន្នាការ Smart City។
លោក Jan SCAZIGHINO ប្រធានការិយាល័យស្ថានកុងស៊ុលកាណាដាប្រចាំកម្ពុជា បានឱ្យដឹងផងដែរថា ការចូលរួមរបស់ក្រុមហ៊ុន និងការផ្ដល់ជូននូវដំណោះ ស្រាយដ៏ល្អសម្រាប់ផ្តល់សេវាដឹកជញ្ជូនដ៏មានគុណភាព សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ។
ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន គាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធផលថ្មីនេះ ព្រោះព្រលានយន្តហោះថ្មីនឹងនាំមកនូវការងារច្រើនសម្រាប់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនអ្នកទេសចរក្នុងខេត្តសៀមរាប។
បន្ថែមពីនេះ ឯកឧត្តមបាន ជំរុញឱ្យសមាគម TTA ត្រូវមានកិច្ចសហការជាមួយក្រុមហ៊ុន YUNAN AIR INVEST MENT (Cambodia) AIR Management Co., Ltd ដើម្បីបន្តដំណើរប្រកបមុខរបរនៃសេវាដឹកជញ្ជូនភ្ញៀវនៅ អាកាសយានដ្ឋានថ្មីនេះតទៅទៀត។
គួរបញ្ជាក់ថា កាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុប ចំនួន៣៦ខែ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ (អានបន្ថែម)
- Video Advertisement -