កម្ពុជាសហការនិងសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្នេរឱ្យមាននិរន្តរភាព
កម្ពុជា នឹងខំពង្រីកកិច្ចសហការជាមួយសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី១៣ ខែធ្នូ ២០២២។
ឯកឧត្ដមរដ្ឋមន្រ្តីបានលើឡើងថា ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។
លើសពីនេះ ឯកឧត្ដមបន្ថែមថា កម្ពុជានឹងខិតខំបំពេញបេសកកម្មមួយនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខំពង្រីកកិច្ចសហការផ្សេងៗរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមាជិកផ្សេងទៀត ដើម្បីធានា ការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួន ពិសេសជួយជំរុញដំណើរការប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានក្លិបឆ្នេរសមុទ្រផងដែរ។
សូមជម្រាបដែរថា ឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លិបឆ្នេរនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា Cambodia Bay» ហើយត្រូវបានប្រសិទ្ធនាមថា «ឆ្នេរសមុទ្រកម្ពុជា ឬ តារារះនាទិសនិរតី»៕

